ឯកឧត្តម ឈិន កេតនា អញ្ជើញពិនិត្យទីតាំងរៀបចំពិធីកាត់ខ្សែបូរសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានាក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្រុកអង្គស្នួល ខេត្តកណ្តាល

ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ រួមសកម្មភាពដោយឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញពិនិត្យទីតាំង ដើម្បីត្រៀមរៀបចំពិធីកាត់ខ្សែបូរសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា នៅក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងឱកាសនោះ មានការនិមន្ត និងអញ្ជើញចូលរួមទទួលស្វាគមន៍ចំពោះវត្តមានឯកឧត្តម ឈិន កេតនា ពីសំណាក់សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងអាជ្ញាធរដែនដីជាច្រើនរូប។

ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យមើលប្លង់រួម ប្លង់ទីតាំងកន្លែងប្រារព្ធពិធី ព្រមទាំងបានទូលប្រគេន និងជម្រាបជូននូវអនុសាសន៍ណែនាំ រាល់កិច្ចការងារសំខាន់ៗ ដែលនឹងត្រូវអនុវត្តមុនពេលប្រារព្ធកម្មវិធី។ ក្នុងនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានពិនិត្យអំពីលទ្ធផល ការងារដែលបានអនុវត្តន៍ក្នុងពេលកន្លងមក ព្រមទាំងបានប្រគេន និងជូនជាអនុសាសន៍មួយចំនួន គប្បីបង្កើនស្មារតី សាមគ្គីភាព សហប្រតិបត្តិការល្អ ក្នុងការអនុវត្តន៍នូវរាល់កិច្ចការសំខាន់ៗ ដើម្បីអោយ មានកិច្ចដំណើរការយ៉ាងល្អប្រសើរ។

ឯកឧត្តម ឈិន កេតនា បានមានប្រសាសន៍ណែនាំបន្ថែមទៀត  ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សូមសហការការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ឲ្យបានល្អ នៅក្នុងថ្ងៃប្រារព្ធពិធីកាត់ខ្សែបូរសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ៕