ភ្លៀងធ្លាក់ខ្លាំងក្នុងរដ្ឋ Queensland នាភាគឦសានប្រទេសអូស្ត្រាលីបង្កឲ្យមានទឹកជំនន់ហូរហៀរក្នុងរយៈពេលដ៏ខ្លី
ភ្លៀងធ្លាក់ខ្លាំងបានបន្តធ្លាក់ចុះនៅភាគឦសានរដ្ឋ Queensland នៃប្រទេសអូស្ត្រាលីកាលពីថ្ងៃច័ន្ទនេះ (ម៉ោងនៅអូស្រាលី) ដែលបណ្តាលឱ្យមានទឹកជំនន់និងបង្ខំឱ្យអ្នកស្រុករាប់រយនាក់ត្រូវជម្លៀសខ្លួនចេញ និងធ្វើឱ្យប្រជាពលរដ្ឋរាប់ពាន់នាក់ស្ថិតក្នុងស្ថានភាពគ្មានអគ្គិសនីប្រើប្រាស់ដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ទៀតថាមានស្ត្រីម្នាក់បានស្លាប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីសេវាទូកសង្គ្រោះបន្ទាន់របស់រដ្ឋបានក្រឡាប់ក្នុងទីក្រុង Ingham ភាគខាងជើង អំឡុងពេលដឹកជញ្ជូនរូបនាង។ សេចក្តីប្រកាសអាសន្នត្រូវបានដាក់ចេញសម្រាប់តំបន់ជាច្រើនទាំងផ្នែកខាងក្នុង និងជុំវិញទីក្រុង Townsville ដោយទឹកជំនន់បានកើនឡើងក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ។ ចំណែកអភិបាលរដ្ឋ Queensland លោក David Crisafulli បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Brisbane ថាទឹកជំនន់ទំនងជាបន្តឡើងថែមទៀតខណៈភ្លៀងធ្លាក់ខ្លាំង និងទឹកកាន់តែច្រើនជាងមុន។ លើសពីនេះភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃពុធសប្តាហ៍នេះដែរ។ ទឹកបានហូរហៀរពាសពេញផ្លូវក្នុងកំពស់ជាង១ម៉ែត្រមិនគួរឲ្យជឿក្នុងរយៈពេលខ្លី ដូច្នេះអាជ្ញាធរត្រូវចំណាយពេលច្រើនថ្ងៃទៀតដើម្បីរុញច្រានឲ្យទឹកនោះចេញពីប្រព័ន្ធលូទាំងនោះដែរ នេះជាអ្វីដែលលោក Matt Collopy ជាមន្រ្តីនៃការិយាល័យឧតុនិយមបានប្រាប់អ្នកយកព័ត៌មាន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍បន្ថែមថា៖ អាជ្ញាធរក្នុងតំបន់បានជួយសង្គ្រោះមនុស្សពីទឹកហូរយ៉ាងលឿនចំនួន ១១នាក់ ហើយអ្នកស្រុករាប់រយនាក់ត្រូវបានគេជម្លៀសទៅកាន់មជ្ឈមណ្ឌលជម្លៀសមនុស្សដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ