សមាគមអតីតយុទ្ធជនកម្ពុជា និងអង្គការអតីតយុទ្ធជនសង្គ្រាមថៃ ចុះអនុស្សារណៈយោគយល់គ្នា ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជួយអតីតយុទ្ធជនប្រទេសទាំងពីរ

ភ្នំពេញ៖ សមាគមអតីតយុទ្ធជនកម្ពុជា និងអង្គការអតីតយុទ្ធជនសង្គ្រាមថៃ បានចុះកិច្ចព្រមព្រៀងរួមគ្នាពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរឱ្យកាន់តែរឹងមាំ ពិសេសដើម្បីអតីតយុទ្ធជននៃប្រទេសទាំងពីរ។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និង នាយឧត្តមសេនីយ៍ ដេតនិធិត លឿងងាមខាំ (DETNITIT LUANGNGAMKUM) អគ្គនាយក អង្គការអតីតយុទ្ធជនសង្រ្គាមនៃប្រទេសថៃ បានអញ្ជើញក្នុងពិធីចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជនកម្ពុជា និងអង្គការអតីតយុទ្ធជនសង្គ្រាមថៃ។
មុនពិធីចុះកិច្ចព្រមព្រៀង ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍ថា កម្ពុជា និងថៃ ជាប្រទេសភូមិផងរបងជាប់គ្នា ជាមិត្ត ជាបងប្អូន និងធ្លាប់មានប្រវត្តិតស៊ូរួមគ្នា ដើម្បីបុព្វហេតុរំដោះប្រទេសជាតិ ដណ្តើមឯករាជ្យ សេរីភាព និងអធិបតេយ្យភាពពីអាណានិគមនិយម និងចក្រពត្តិនិយម។
ឯកឧត្តម នាយឧត្តមសេនីយ៍ មានប្រសាសន៍ទៀតថា បច្ចុប្បន្នប្រទេសទាំងពីរទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ចំណែកប្រជាជនទាំងពីរ ជាពិសេសប្រជាជននៅខេត្តជាប់ព្រំដែន បានប្រាស្រ័យទាក់ទងគ្នា ផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ទៅវិញទៅមកដោយរីករាយ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ថ្លែងថា សមិទ្ធផលទាំងនេះបានមកដោយសារមានកិច្ចសហប្រតិបត្តិការល្អ និងរក្សាបាននូវចំណងមិត្តភាពជាប្រពៃណី និងយុទ្ធសាស្ត្រ។ ក្នុងនោះ ការចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរនឹងទទួលបានលទ្ធផលជាផ្លែផ្កា ដើម្បីការអភិវឌ្ឍជូនអតីតយុទ្ធជននៃប្រទេសឱ្យកាន់តែមានជីវភាពប្រសើឡើង។
ឯកឧត្តម នាយឧត្តមសេនីយ៍ ថ្លែងទៀតថា គោលបំណងចម្បងនៃកិច្ចព្រមព្រៀងដែលត្រូវចុះហត្ថលេខានាពេលនេះ គឺដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងធ្វើការយ៉ាងជិតស្និតជាមួយគ្នាប្រកបដោយការទទួលខុសត្រូវរួមគ្នា សាមគ្គីជាធ្លុងមួយ ដើម្បីសម្រេចបានសមិទ្ធផលថ្មីទៀតលើវិស័យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនរងគ្រោះដោយសារសង្រ្គាម ព្រមទាំងបន្តសកម្មភាពឱ្យកាន់តែផុសផុលថែមទៀតក្នុងការជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជន ដើម្បីជាការតបស្នងចំពោះវីរភាពដ៏អង់អាចក្លាហាន ហ៊ានពុះពារជម្នះ គ្រប់ឧបសគ្គរបស់អតីតយុទ្ធជនក្នុងបុព្វហេតុជាតិ និងប្រជាជនឲ្យមានសេរីភាព សុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ដេតនិធិត លឿងងាមខាំ សង្ឃឹមយ៉ាងមុតមាំថា កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាង អង្គការអតីតយុទ្ធជនសង្គ្រាមថៃ និងសមាគមអតីតយុទ្ធជនកម្ពុជា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជនឱ្យកាន់តែស្អិតរមួត ស៊ីជម្រៅ និងមានប្រសិទ្ធិភាពខ្ពស់ ដើម្បីរួមចំណែកក្នុងការពង្រឹង និងបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី អ្នកជិតខាងដ៏ល្អ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែងរវាងប្រទេសទាំងពីរ៕