ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីសុខាភិបាល÷ ស្វែងយល់ព័ត៌មានត្រឡប់ពីអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ក្នុងការកែលម្អតាមមតិសំណូមពរផ្សេងៗ របស់ប្រជាពលរដ្ឋ

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ÷ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានឆ្លៀតចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមកទទួលសេវា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីស្វែងយល់ពីគុណភាពការបម្រើសេវារបស់ក្រុមគ្រូពេទ្យ ពីការយកចិត្តទុកដាក់ ឥរិយាបថ ដែលជាព័ត៌មានត្រឡប់ពីអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ក្នុងការកែលម្អតាមមតិសំណូមពរផ្សេងៗ របស់ប្រជាពលរដ្ឋ។

ក្នុងពេលនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានទទួលពមតិលើកឡើងពីប្រជាពលរដ្ឋ ដែលបានសំដែងនូវការសប្បាយ និងលើកសរសើរដល់ក្រុមគ្រូពេទ្យពីឥរិយាបថវិជ្ជមាន ក្នុងការនិយាយស្តី និងមានការយកចិត្តទុកដាក់ និងប្រកបដោយគុណភាព។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងថា សូមមេត្តាមានការយោគយល់ពីក្រុមគ្រួសារអ្នកជំងឺ ដែលលោកមានការរង់ចាំខ្លះ ដោយសារចំនួនប្រជាជនមកទទួលសេវាច្រើនកុះករនៅមន្ទីរពេទ្យ និងបានណែនាំដល់ប្រជាពលរដ្ឋ។ ឯកឧត្តមសាស្ត្រាចារ្យ សំណូមពរបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបរិភោគ «តិចអំបិល តិចខ្លាញ់ តិចស្ករ» និងត្រូវធ្វើលំហាត់ប្រាណ ឱ្យបានជាប់ជាប្រចាំ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមបង្កើនការយកចិត្តទុកដាក់បម្រើសេវាសុខភាព និងស្វែងយល់ពីសុខទុក្ខអ្នកជំងឺ ទាំងអ្នកជំងឺប្រើប្រាស់មូលនិធិសមធម៌ ប.ស.ស ជាពិសេសប្រជាពលរដ្ឋដែលមានការលំបាក និងក្រីក្រផងដែរ។