កុដ្ឋិថ្មទំហំ ១៥ម៉ែត្រ គុណនិង៩ម៉ែត្រ និងឧបដ្ឋានសាលា រួមនិងសមិទ្ធផលនានានៅវត្តនួនមុនីរាម(ក្បាលជួរលើ) ឃុំសំបុក ស្រុកចិត្របុរី ចំណាយថវិកាប្រមាណ៨៥៨លានរៀល ត្រូវបានសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

កុដ្ឋិថ្មទំហំ ១៥ម៉ែត្រ គុណនិង៩ម៉ែត្រ និងឧបដ្ឋានសាលា ព្រះពុទ្ធបដិមា រួមនិងសមិទ្ធផលនានានៅវត្តនួនមុនីរាម(ក្បាលជួរលើ) ក្នុងឃុំសំបុក ស្រុកចិត្របុរី ដែលបានចំណាយថវិកាសរុបចំនួន៨៥៨.៨០៩.៨០០ រៀល បានប្រារព្វពិធីបុណ្យឆ្លង និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត កាលពីចុងសប្តាហ៍នេះ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញកម្មវិធីនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងមុំទី៥ គឺជាការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ ដោយមានគោលការណ៍យុទ្ធសាស្ត្រអភិវឌ្ឍប្រជាជនកម្ពុជាឱ្យទៅជាប្រជាពលរដ្ឋដែលមានគុណតម្លៃជាពលរដ្ឋដែលមានមូលធនមនុស្សក្នុងសង្គម ប្រកបដោយសីលធម៌ គុណធម៌ សរិយាធម៌ ភាពអំណត់ សុចរិតភាព មានវិន័យ និងស្មារតីគោរពច្បាប់ ។
ឯកឧត្តម ហឿ ស៊ីយ៉ែម ក៏បានមានប្រសាសន៍ថ្លែងអំណរព្រះគុណជូនចំពោះ ព្រះគ្រូ ឆេន ចន្ទសេដ្ឋា ព្រះចៅអធិការវត្តនួនមុនីរាម (ក្បាលជួរលើ) ដែលព្រះគ្រូបានដឹកនាំប្រជាពុទ្ធបរិស័ទ និងសប្បុរសជន កសាងនូវហេដ្ឋារចនាសម្ព័ន្ធនានាដែលមានក្នុងទីអារាមនេះ ទុកជាកន្លែងស្នាក់អាស្រ័យ និងគោរពបូជាតាមប្រពៃណីសាសនា ជាឧត្តមប្រយោជន៍យូរអង្វែង ។ ក្រៅអំពីសមិទ្ធផលខាងលើ ព្រះគ្រូចៅអធិការវត្ត ដែលបានជួយបរិច្ចាគថវិកាធនធានផ្ទាល់ខ្លួនចូលរួមចំណែកដល់ការសាងសង់សមិទ្ធផលនានាជាច្រើន ដែលបានរួមចំណែកដល់ការអភិវឌ្ឍក្នុងឃុំ ស្រុក និងខេត្ត។
ក្នុងនោះដែរឯកឧត្តម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសលោកយាយលោកតា សូមថែរក្សានូវសុខភាព អនាម័យឱ្យបានល្អ ព្រោះនាពេលនេះ គឺជារដូវក្ដៅ ងាយនឹងទទួលរងនឹងជំងឺឆ្លងផ្សេងៗ ជាពិសេសកូនៗ ឬក្មួយៗក្នុងគ្រួសារករណីមានរោគសញ្ញាមិនប្រក្រតីណាមួយសូមរួសរាន់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដើម្បីពិគ្រោះពិនិត្យ និងព្យាបាល ទន្ទឹមនេះ ក្នុងករណីបងប្អូនប្រជាពលរដ្ឋក្រីក្រ គ្មានដីពិតប្រាកដ សូមទំនាក់ទំនងជាមួយរដ្ឋបាលឃុំសាមី ដើម្បីដាក់ពាក្យស្នើសុំដីសម្រាប់រស់នៅ និងធ្វើកសិកម្មក្នុង “កម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ៕