ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា រាល់ព័ត៌មាន ដំណឹងផ្សេងៗដែលត្រូវបានចេញពីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ត្រូវតែជាព័ត៌មានពិត ត្រឹមត្រូវនិងមានប្រភពច្បាស់លាស់ដើម្បីផ្តល់នូវជំនឿទុកចិត្តខ្ពស់ដល់សាធារណជន

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា រាល់ព័ត៌មាន ដំណឹងផ្សេងៗដែលត្រូវបានចេញពីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ត្រូវតែជាព័ត៌មានពិត ត្រឹមត្រូវនិងមានប្រភពច្បាស់លាស់ដើម្បីផ្តល់នូវជំនឿទុកចិត្តខ្ពស់ដល់សាធារណជន
រាល់ព័ត៌មានត្រូវចេញផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋគឺជាព័ត៌មានដែលមានគុណភាព មានខ្លឹមសារល្អ ជាព័ត៌មានដែលមានការទាក់ទាញ ហើយត្រូវជាមួយបច្ចុប្បន្នភាព ,
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយជាតិ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផលិត និងផ្សព្វផ្សាយព័ត៌មាន ក្នុងក្របខណ្ឌនៃការងារគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិដែលមានលក្ខណៈកាន់តែស្រួចស្រាលខ្លាំងជាងមុន ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រុមការងារព័ត៌មានទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មាន AKP និងAPP ក្រសួងព័ត៌មាន គឺជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋមានតួនាទីសំខាន់ណាស់ ដែលទាមទារការពង្រឹងប្រសិទ្ធិភាពផ្សព្វផ្សាយព័ត៌មាន គ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ ។ ដូច្នេះហើយត្រូវតែធ្វើការពង្រឹងស្ថាប័នផ្សព្វផ្សាយរបស់រដ្ឋឲ្យកាន់តែសកម្ម ផ្តល់នូវជំនឿទុកចិត្តខ្ពស់ដល់សាធារណជនតាមរយៈព័ត៌មានពិត ត្រឹមត្រូវមានប្រភពច្បាស់លាស់ ហើយផ្តល់ផលប្រយោជន៍ដល់អ្នកទស្សនា អ្នកស្តាប់ និងអ្នកអាន ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ដែរថា ការផ្តល់ព័ត៌មានពិតដែលមានប្រភពច្បាស់លាស់ គឺជាកត្តាសំខាន់សម្រាប់ការបង្កើតភាពជឿទុកចិត្តរបស់ប្រជាជន ហើយរាល់ដំណឹង ក៏ដូចជាព័ត៌មានផ្សេងៗ គឺការផ្តល់ព័ត៌មានដែលត្រឹមត្រូវ និងមានប្រភពមូលដ្ឋានពិតប្រាកដ ដើម្បីជួយសម្រួលដល់ការយល់ដឹង និងការអភិវឌ្ឍន៍សង្គមជាតិបានកាន់តែល្អប្រសើរបន្ថែមទៀត ៕