រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APISWA) បន្តកិច្ចសហការគ្នាក្នុងការពង្រឹងការអនុវត្តការផ្សព្វផ្សាយពាណិជ្ជកម្ម និងការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយការទទួល ខុសត្រូវ ចូលរួមគិតគូរពីសុខភាពសាធារណៈ ប្រកបដោយឆន្ទៈរួមដើម្បីសុខដុមនីយកម្មក្នុងសង្គមកម្ពុជា,

ក្នុងជំនួបពិភាក្សាកាងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រុមការងារសម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APISWA) នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង បានបញ្ជាក់ពីជំហររួមក្នុងការបន្តពង្រឹងកិច្ចសហការគ្នារៀបចំគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងកិច្ចសហការជាមួយ សម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APIWSA) ដែលសម្ព័ន្ធនេះមានគោលបំណងចង់ធ្វើការពិនិត្យរៀបចំ ចំណុចសំខាន់ៗមួយចំនួនហើយឈានទៅធ្វើការចុះអនុស្សារណៈយោគយល់គ្នាឡើងវិញរវាងក្រសួងព័ត៌មាន និង សម្ព័ន្ធ APIWSA ដែលបានធ្វើឡើងកាលពីឆ្នាំ២០១៧ កន្លងមក ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចការងារនេះមិនត្រឹមតែចុះលើក្រដាសនោះទេ ប៉ុន្តែគឺមានសកម្មភាពអនុវត្ត និងធ្វើយ៉ាងណាឱ្យកាត់បន្ថយភាពអវិជ្ជមានទៅដល់សង្គម និងបង្កើនការអប់រំ ពីគ្រោះថ្នាក់បង្ករឡើងដោយការពិសាគ្រឿងស្រវឹង ។ ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានរំលឹកដល់ សម្ព័ន្ធ APISWA ត្រូវធ្វើយ៉ាងណាផ្លាស់ប្តូរការផ្សាយសារពាណិជ្ជកម្មឱ្យទៅជាការអប់រំវិញ ដោយបង្ហាញសារអប់រំធំៗនៅលើផ្ទាំងប៉ាណូ ដោយបញ្ជាក់ថា នេះជាការឧបត្ថម្ភដោយក្រុមហ៊ុនស្រាបៀរជាអក្សរតូចៗវិញ ។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើការផ្សព្វផ្សាយពាណ្ជកម្មគ្រឿងស្រវឹងដោយសារតែការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់សុខភាពជាដើម។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើនបានងាកមកគោរពច្បាប់ និងស្នើសុំការអនុញ្ញាតផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដោយធ្វើការផ្លាស់ប្តូរឥរិយាបថ ក្នុងការផ្សព្វផ្សាយគ្រឿងស្រវឹងប្រហែល៥០ភាគរយ ងាកមកផ្សាយសារអប់រំ
ការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ។
គួររំលឹកឡើងវិញដែរថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា «ក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងនៅព្រះរាជាណាចក្រកម្ពុជា» ដែលបានសហការរៀបចំឡើងដោយ ក្រុមហ៊ុន ហ៊ិននិគែន (ខេមបូឌា) ឯ.ក ក្រុមហ៊ុនខេមប្រូវ (Cambrew) សម្ព័ន្ធ APISWA និងសមាគម WSBIDA ដែល មានក្រុមហ៊ុនចំនួន១០ ជាសមាជិក បានរួមគ្នាចុះហត្ថលេខាលើក្រមប្រតិបត្តិ ក្នុងនាមជាឧស្សាហកម្មគ្រឿងស្រវឹងក្នុងស្រុក និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំ នៅក្នុងការគាំទ្រឱ្យមានឧស្សាហកម្មគ្រឿងស្រវឹងមួយដែលមានការទទួលខុសត្រូវខ្ពស់ និងការបង្កើតស្តង់ដារួមមួយសម្រាប់អនុវត្តក្នុងគោលបំណងលើកកម្ពស់ការអនុវត្តទីផ្សារប្រកបដោយការទទួលខុសត្រូវ ដែលអាចរក្សាបាននូវដំណើរការលូតលាស់នៃសេដ្ឋកិច្ចជាតិផង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនថែមទៀត ការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខដុមនីយកម្មនៅក្នុងសង្គមកម្ពុជា និងចូលរួមគិតគូរពីសុខភាពសាធារណៈ ៕