រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងតំណាងប្រពន្ធ័ផ្សព្វផ្សាយ CMG ប្រទេសចិន បញ្ជាក់ពីការបន្តពង្រីកកិច្ចសហប្រតិបត្តិការដែលមានពីមុន និងបង្កើនកិច្ចសហការថ្មីទៀត ដើម្បីប្រសិទ្ធិការងារផ្សព្វផ្សាយបានកាន់តែល្អប្រសើរ

កិច្ចសហប្រតិបត្តិការល្អរវាងក្រសួងព័ត៌មាន និងប្រពន្ធ័ផ្សព្វផ្សាយ CMG ប្រទេសចិន នៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នាពេលកន្លងមកនេះគឺបានអនុវត្តន៍ស្របតាមទំនាក់ទំនងពី“ មិត្តដែកថែប មកមិត្ត ត្បូងពេជ្រ “ កម្ពុជា ចិន
។កិច្ចសហប្រតិបត្តិការបន្តរវាងក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយចិន CMG បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយ អ្នកនាង Xu Xiaoxia អនុប្រធានផ្នែកភាសាខ្មែរនៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន រួមទាំងប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជា-ចិន នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនថា បច្ចុប្បន្ននេះ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP មានការផ្សាយជាភាសាខ្មែរ ភាសាបារាំង អង់គ្លេស អារ៉ាប់ ហើយចង់ឲ្យបង្កើតជាភាសាចិន ១ទៀត ។ នៅទូរទស្សន៍ជាតិកម្ពុជា មានកម្មវិធីផ្សាយជាភាសា អង់គ្លេស និងបារាំង ហើយ ឯកឧត្តម រដ្ឋមន្ត្រី ចង់បង្កើតឲ្យមានកម្មវិធីព័ត៌មានផ្សាយជាភាសាចិនបន្ថែមមួយទៀត ។ ជាមួយនេះ វិទ្យុជាតិកម្ពុជា មានកិច្ចសហប្រតិបត្តិការជាមួយវិទ្យុមិត្តភាពកម្ពុជា ចិន ហើយវិទ្យុជាតិក៏មានកម្មវិធីផ្សាយជាភាសាបារាំង អង់គ្លេស ហើយចង់ឲ្យមានកម្មវិធីផ្សាយជាភាសាចិនផងដែរ ។ ក្នុងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមកបន្តទៅមុខទៀត ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ចង់ពង្រីកកិច្ចសហការរួមគ្នាលើការបកប្រែព័ត៌មានសំខាន់ៗដែលកើតមានឡើងនៅកម្ពុជា ពីភាសាខ្មែរ ទៅភាសាចិន ហើយក៏បកប្រែព័ត៌មាននៅប្រទេសចិន ពីភាសាចិន មកខ្មែរ ដែលជាក្របខណ្ឌនៃការផ្សារភ្ជាប់នូវទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជន តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានស្នើ ដល់ប្រពន្ធ័ផ្សព្វផ្សាយ CMG ចិន ជួយលើផ្នែកបច្ចេកទេស និងសំភារៈឧបករណ៍ដើម្បីសម្រួលដល់ការផ្សព្វផ្សាយបានកាន់ល្អប្រសើរបន្ថែមទៀត ជាពិសេសេស CMG ដែលមានបណ្តាញផ្សាយជាច្រើន ជួយបង្កើនការផ្សព្វផ្សាយពីបរិបទនៃការរស់នៅរបស់ប្រជាជនកម្ពុជា ប្រពៃណី វប្បធម៌ ទំនៀបទម្លាប់ និងសម្បត្តិធម្មជាតិ ពិសេសតំបន់ទេសចរណ៍ដ៏សម្បូរណ៍បែបនៅប្រទេសកម្ពុជា ទៅឲ្យប្រជាជនចិន បានដឹងសុីជម្រៅបន្ថែមទៀត ។
អ្នកនាង Xu Xiaoxia បានសំដែងនូវការីករាយដោយឃើញពីលទ្ធផលល្អនៃកិច្ចសហប្រតិបត្តិការគ្នារវាង ប្រព័ន្ធផ្សព្វផ្សាយ CMG ប្រទេសចិន និងក្រសួងព័ត៌មានកម្ពុជា ។ ជាមួយនេះ អ្នកស្រី អនុប្រធានផ្នែកភាសាខ្មែរនៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានឯកភាពបន្តពង្រឹងកិច្ចសហការនូវរាល់ចំណុចសំខាន់ៗដែល ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើង ហើយត្រូវតែរួមគ្នាអនុវត្តន៍ឲ្យទទួលលទ្ធផលថ្មីៗបន្ថែមទៀត ។
អ្នកនាង Xu Xiaoxia បានជម្រាបជូនថា CMG គឺជាប្រពន្ធ័ផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន ដែលមានទ្រង់ទ្រាយធំជាងគេ និងបានផលិតកម្មវិធីច្រើនជាងគេលើពិភពលោក តាមរយៈប្រពន្ធ័ផ្សាយ CGTN និង CCTV ។ សម្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន គឺជាសាខាផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីនានា មកកាន់ប្រទេសកម្ពុជា តាមរយៈ CGTN ហើយដំណើរទំហំនៃការផ្សាយរបស់ CGTN មានចំនួន ៦៨ ភាសា ដើម្បីផ្សាយទៅកាន់ពិភពលោក ។
គួររំលឹកឡើងវិញដែរថា កាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ ទូរទស្សន៍ជាតិកម្ពុជា និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយចិន CMG បានចុះហត្ថលេខាចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និង លោក Li Yi ប្រធានស្ថានីយ៍អាសុីប៉ាសុីហ្វិក នៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម Hu Jinjun អគ្គនាយករង នៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន ។
តាមរយៈកិច្ចសហប្រតិបត្តិការកន្លងមកនេះ ទូរទស្សន៍ជាតិកម្ពុជា មានការអភិវឌ្ឍថែមមួយកម្រិតទៀត ជាពិសេសតាមរយៈកម្មវិធីបណ្តុះបណ្តាលមន្រ្តីជំនាញ អ្នកយកព័ត៌មាន អ្នកបច្ចេកទេស អ្នកផលិតកម្មវិធី ការផ្សាយព័ត៌មានអន្តរជាតិ ជាភាសាខ្មែរតាមរយ: China Global Television Network -CGTN ៕