ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានដាក់ចេញនូវទិសដៅការងារនិងផែនការសកម្មភាពឆ្នាំ២០២៥ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ១៤ចំណុចសំខាន់ៗ

ការដាក់ចេញនូវទិសដៅការងារ និងផែនការសកម្មភាព ឆ្នាំ២០២៥ របស់រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ទាំង១៤ចំណុច របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ។

បានដាក់ចេញនូវទិសដៅការងារ និងផែនការសកម្មភាពឆ្នាំ២០២៥ របស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មួយចំនួនដូចខាងក្រោម៖

១) ជំរុញ និងសម្រេចឱ្យបាននូវការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ចំនួន ៧,៥ លាននាក់ និងទំនិញចំនួន៨០ ពាន់តោន នៅក្នុងឆ្នាំ២០២៥។

២) បន្តខិតខំការពារសេចក្តីព្រាងច្បាប់អាកាសចរណ៍ស៊ីវិលថ្មី ជាមួយស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីទទួលបានការអនុម័តយល់ព្រម និងប្រកាសដាក់អនុវត្ត។

៣) បន្តខិតខំការពារសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥ ជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបានការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រកាសដាក់អនុវត្ត។

៤) បន្តជំរុញការចរចា កែសម្រួល និងចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាទ្វេភាគី ជាមួយប្រទេសហ្វ៊ីលីពីន ជប៉ុន ឥណ្ឌូណេស៊ី   ចក្រភពអង់គ្លេស និងប៉ាគីស្ថាន ព្រមទាំងពហុភាគីអាស៊ានរវាងអាស៊ាន និងនូវែលសេឡង់។

៥) ខិតខំរៀបចំឱ្យរួចរាល់ និងទាន់ពេលវេលា លើទិដ្ឋភាពច្បាប់ និងបច្ចេកទេស ដើម្បីទទួលនូវកម្មវិធីសវនកម្មត្រួតពិនិត្យសុវត្ថិភាពរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ -ICAO Coordinated Validation Mission – ICVM  ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

៦) សម្របសម្រួល និងខិតខំផ្តល់វិញ្ញាបនបត្រអាកាសយានដ្ឋាន ឱ្យទាន់ពេលវេលា និងរៀបចំផ្ទេរជើងហោះហើរទាំងអស់ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងបើកដំណើរការ នៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ។

៧) ខិតខំដោះស្រាយរាល់បាតុភាពអសកម្មទាំងឡាយណា ដែលអាចកើតមានឡើង មុនពេលដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

៨) ត្រូវបន្តខិតខំដោះស្រាយការផ្ទេរដីសម្បទាន ជូនអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ឱ្យបានឆាប់ និងពិនិត្យកែសម្រួលប្លង់មេនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន ស្របតាមលក្ខណៈបច្ចេកទេស។

៩) បន្តជំរុញឱ្យមានការហោះហើរជាតិ និងអន្តរជាតិ ជាលក្ខណៈជួល (Charter Flights) កាន់តែច្រើនឡើងថែមទៀត ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ។

១០) បន្តខិតខំកៀងគរចំណូលចូលថវិការដ្ឋតាមផែនការកំណត់ និងដាក់វិធានការតឹងទារ ចំពោះបណ្តាក្រុមហ៊ុនដែលជំពាក់រដ្ឋរ៉ាំរ៉ៃ។

១១) បន្តខិតខំស្វែងរកប្រភពទុនវិនិយោគ អាចជារូបភាព ដៃគូរដ្ឋ និងឯកជន (Public and Private Partnership – PPP) ដើម្បីសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌល គិរី និងបាត់ដំបង។

១២) រៀបចំផែនការបញ្ជូនមន្ត្រីជំនាញ មន្ត្រីអធិការកិច្ច និងមន្ត្រីបន្តវេន ចូលរួមវគ្គបណ្តុះ បណ្តាលសំខាន់ៗ ដើម្បីធានានិរន្តរភាពការធានាសន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍។

១៣) បន្តជួយគាំទ្រដល់ក្រុមហ៊ុនអាកាសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា អាចមានលទ្ធភាពកាន់តែទូលំទូលាយថែមទៀត ដើម្បីបើកដំណើរការជើងហោះហើរ អន្តរជាតិ។

១៤) ជំរុញ និងសម្រួលនីតិវិធី ដើម្បីគាំទ្រដល់ការរៀបចំជើងហោះហើរថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ពីទីក្រុងអ៊ីស្តង់ប៊ុល មកកាន់រាជធានីភ្នំពេញ   ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ពីទីក្រុងអាប៊ូដាប៊ី មកកាន់រាជធានីភ្នំពេញ និងក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ពីទីក្រុងឌូបៃ មកកាន់ខេត្តសៀមរាប។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគួសបញ្ជាក់ថា៖ វិស័យអាកាសចរណ៍ស៊ីវិល នៅតែបន្តទទួលផលប្រយោជន៍នៃកេរ្តិ៍ដំណែល ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងទស្សនៈវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ក្នុងការដាក់ឱ្យអនុវត្តគោលនយោបាយបើកចំហជើងមេឃ នៅក្នុងឆ្នាំ១៩៩៩ និងកំពុងបន្តអនុវត្តក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានជួយជំរុញឱ្យមានសន្ទុះរីកចម្រើនដល់ការដឹកជញ្ជូនតាមផ្លូវអាកាស ហើយឆ្លើយតបតម្រូវការ ទេសចរណ៍ ធុរកិច្ច ពាណិជ្ជកម្ម និងការផ្សារភ្ជាប់ទំនាក់ទំនងសង្គម-វប្បធម៌កម្ពុជាទៅកាន់អន្តរជាតិ និងអន្តរជាតិមកកាន់ កម្ពុជា។ ទន្ទឹមនឹងនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏កំពុងអនុវត្តតាមផែនការរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលវិស័យអាកាសចរណ៍ស៊ីវិល ស្ថិតនៅក្នុងបញ្ចកោណទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង និងមុំទី២ ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ឡូជីស្ទីក វិស័យ ថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល។

ឯកឧត្តម រដ្ឋមន្ត្រី បានគួសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏បានខិតខំពង្រឹងក្របខ័ណ្ឌច្បាប់ បទប្បញ្ញត្តិ និងកសាងផែនការយុទ្ធសាស្ត្រផងដែរ ដោយទទួលបានសម្រេចលទ្ធផលសំខាន់ៗ រួមមាន៖ ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ បានរៀបចំនិងបានទទួលសច្ចាប័ន «ច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវអាកាស»។ បានសម្រេច និងគ្រោងដាក់អនុវត្តជាផ្លូវការ «ផែនការយុទ្ធសាស្ត្រអាកាសចរណ៍ស៊ីវិលឆ្នាំ២០២៥-២០៣០» និងសម្រេចបានការងារដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងឆ្នាំ២០២៤ ជាច្រើនទៀត ៕