ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ៖ ជំរុញឲ្យមានការយកចិត្តទុកដាក់ខ្ពស់ដល់ការប្រឡងចូលក្របខ័ណ្ឌរបស់ស្ត្រីជាពិសេសគឺស្ត្រី ស្ត្រីមានផ្ទៃពោះ ឬក៏មានកូនតូច

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍លើកឡើងបែបនេះ នៅក្នុងពិធីអបអរសាទរខួបលើកទី១១៤ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ”សិទ្ធិសម ភាពនិងភាពអង់អាចចំពោះស្ត្រីនិងក្មេង ស្រីគ្រប់រូប” នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នាសាលាភូមិន្ទរដ្ឋបាល។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់លើការលើកកម្ពស់សិទ្ធិស្ត្រីរួមទាំងកម្មវិធីគាំពារសង្គម និងការផ្តល់សាច់ប្រាក់ដល់ស្ត្រីមានផ្ទៃ ពោះនិងកុមារក្រោម២ឆ្នាំ។ ការផ្តល់ប្រាក់ឧបត្ថម្ភនៅពេលទៅពិនិត្យផ្ទៃពោះនៅមុនពេលសម្រាល និងនៅពេលសម្រាលនៅក្នុងមូលដ្ឋានសុខាភិបាលគាំ ពារសុខភាពក្រោយពេលសម្រាលនោះយកកូនទៅចាក់ថ្នាំបង្ការ រហូតដល់អាយុ២ឆ្នាំ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថាការប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋប៉ុន្មានឆ្នាំកន្លងមកនេះ បេក្ខនារីមានចំនួនកើនឡើង។ក្នុងឆ្នាំ ២០២៤ ក្នុងចំណោមបេក្ខជនដាក់ ពាក្យប្រឡងជាង១១ម៉ឺននាក់មានស្ត្រីរហូត ដល់ ៦០%បានប្រឡងជាប់ជាស្ថាពរជិត ៥៩%។កំណើននៃការកើនឡើងនៃការចូលរួមប្រ ឡងរបស់ស្ត្រីដោយសារមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងមុខងារបានបង្កលក្ខណៈអំណោយផលដល់សិស្សនិងនិស្សិតជាស្ត្រីដែលមានសមត្ថភាព មាន ឱកាសប្រកួតប្រជែងស្មើគ្នាជាមួយបុរសដើម្បីទទួលបានក្របខ័ណ្ឌជាមន្ត្រីរាជការ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីក្នុងគ្រប់វិស័យអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្រ្តីគឺជាស្នូល”។
សូមជម្រាបដែរថា ក្រសួងមុខងារសាធារណៈ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំ និងគ្រប់គ្រងអាជីពមន្ត្រីរាជការស៊ីវិលទាំងនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយតែងតែផ្តល់អាទិភាព និងលើកទឹកចិត្តដល់មន្រ្តីរាជការស៊ីវិលជាស្រ្តី ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ។