ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី និងលោកជំទាវ បានដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច បំពេញទស្សនកិច្ច នៅចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥

កាលពីល្ងាចថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន បានដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បំពេញទស្សនកិច្ច នៅចក្រភពអង់គ្លេស តាមការអញ្ជើញរបស់អង្គការ Care for Children ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ។

ដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍អំពីការអនុវត្តកម្មវិធីកិច្ចការពារកុមាររួមមានការលើកកម្ពស់ការថែទាំកុមារក្នុងគ្រួសារធម៌ តួនាទី និងភារកិច្ចកម្លាំងសេវាសង្គម ក៏ដូចជាក្របខណ្ឌគោលនយោបាយ និងប្រព័ន្ធកិច្ចការពារកុមារនៅចក្រភពអង់គ្លេស ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ Care for Children សម្រាប់រយៈពេល ៣ឆ្នាំ ២០២៥-២០២៨ ។

នៅក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានៃព្រះរាជាណាចក្រកម្ពុជា
នឹងទទួលជួបពិភាក្សាការងារជាមួយនឹងក្រសួងស្ថាប័នសំខាន់ៗនៃចក្រភពអង់គ្លេស ព្រមទាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងរវាង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ Care for Children ដើម្បីផ្លាស់ប្តូរបទពិសោធន៍អំពី ការអនុវត្តកម្មវិធីកិច្ចការពារកុមារ រួមមានការលើកកម្ពស់ការថែទាំកុមារក្នុងគ្រួសារធម៌ តួនាទី និងភារកិច្ច របស់កម្លាំងសេវាសង្គម ក៏ដូចជាក្របខណ្ឌគោលនយោបាយ និងប្រព័ន្ធកិច្ចការពារកុមារនៅចក្រភពអង់គ្លេស។

ដំណើរទស្សនកិច្ចនេះមានការជូនដំណើរពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ ដែលជាថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាសរុបចំនួន ២៩រូប ។

ឯកឧត្ដមរដ្ឋមន្ដ្រី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូអម បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកជូនដំណើរគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ច នៅចក្រភពអង់គ្លេស។