សម្តេចតេជោ គឺជាមគ្គទេសក៏ឯក ដែលបានដឹកនាំប្រទេស ពីបាតដៃទទេ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ជាង៤០ឆ្នាំងកន្លងមកនេះហើយបានខិតខំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន លើគ្រប់វិស័យ និងការពារសុខសន្តិភាពរហូតដល់បច្ចុប្បន្ន។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ, នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោក អ៊ុត វណ្ណរ៉ា អភិបាលនៃគណៈអភិបាលស្រុកកំពង់ស្វាយ រួចមក,ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះ និងជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍ និងការធានាបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង, សុខសន្តិភាពនេះ បានអនុញ្ញាតឱ្យកម្ពុជារៀបចំនូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ, ការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ និង ការរៀបចំពិធីផ្សេងៗទៀត។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ក្នុងសន្និបាតបក្ស លើកទី៤៥ ក៏បានដាក់ចេញទិសដៅពង្រឹងធ្លុងមហាសាមគ្គីជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយមណា មកបំផ្លាញបានឡើយ។ ក្នុងស្មារតីនេះ បន្តអនុវត្តពាក្យស្លោក អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ! ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯកនិងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ។ គាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានពន្យល់ដល់លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ និងប្រជាជន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឲ្យចេះពិចារណាបែងចែកឱ្យបានច្បាស់លាស់ នូវព័ត៌មានបំផ្លើសការពិត ព័ត៌មានដែលមានលក្ខណៈញុះញង់ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់កុំចាញ់ល្បិចកលក្រុមជ្រុលនិយមមួយក្តាប់តូចដែលមានបំណងតែម៉្យាងគឺចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ ។
ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគេនវត្ត បិណ្តិយ៍ មានទេយ្យទាន បច្ច័យ រួមនិងគ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានឧបត្ថម្ភដល់សាលាស្រុក កុំព្យូទ័រ១គ្រឿង, ព្រីនធ័រ១គ្រឿង, ថវិកា ២លានរៀល។
– ឧបត្ថម្ភអធិការដ្ឋាននគរបាលស្រុក កុំព្យូទ័រ១គ្រឿង, ព្រីនធ័រ១គ្រឿង, ថវិកា ២លានរៀល។
– ឧបត្ថម្ភកងរាជអាវុធហត្ថស្រុក៖កុំព្យូទ័រ១គ្រឿង, ព្រីនធ័រ១គ្រឿង, ថវិកា ១លានរៀល។
-ឧបត្ថម្ភផ្នែកសឹករងស្រុកៈ៖ កុំព្យូទ័រ១គ្រឿង, ព្រីនធ័រ១គ្រឿង, ថវិកា ៥០ម៉ឺនរៀល។
-ឧបត្ថម្ភឃុំទាំង១១ឃុំ ទូទាំងស្រុក ក្នុង១ឃុំ កុំព្យូទ័រ១គ្រឿង, ព្រីនធ័រ១គ្រឿង។
ឧបត្ថម្ភសាលារៀន ៩៤សាលា ទូទាំងស្រុក ក្នុង១សាលារៀន កុំព្យូទ័រ១គ្រឿង, ព្រីនធ័រ១គ្រឿង។
ឧបត្ថម្ភការិយាល័យអប់រំស្រុក៖ កុំព្យូទ័រ១គ្រឿង, ព្រីនធ័រ១គ្រឿង។