“ រួមគ្នានាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា “ ព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» ផ្តួចផ្តើមដោយក្រសួងព័ត៌មាន រួមជាមួុយវិស័យឯកជន អ្នកចូលរួមរត់ជាង ១ ៦០០នាក់ ប្រមូលថវិកាបាន ១០០លានរៀលប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីកុមារកម្ពុជា,

ដើម្បីជាប្រយោជន៍ដល់ការព្យាបាលកុមារកម្ពុជា
ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព ជាពិសេសដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ក្រសួងព័ត៌មាន សហការជាមួយ
សារព័ត៌មាន ASEAN Top និងមានការគាំទ្រពីវិស័យឯកជន បានរៀបចំកម្មវិធីរត់«ម៉ារ៉ាតុងដើម្បីមនុស្សធម៌» នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅក្នុងបរិវេណ សួនអេកូផាក នៃបុរីប៉េងហួតបឹងស្នោរ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ។
ព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» មានអ្នកចូលរួមរត់ ប្រមាណជាង ១ ៦០០នាក់ ក្នុងនោះ មាន ១៧ជាតិ សាសន៍ ដោយធ្វើការរត់ក្នុងចម្ងាយ ៤.៤គីឡូម៉ែត្រ និង ៦.៦គីឡូម៉ែត្រ ។ ការចូលរួមគាំទ្រយ៉ាងច្រើនពីសាធារណជនជាតិ និងអន្តរជាតិ សម្រាប់ព្រឹត្តិការណ៍កីឡានេះ គឺធ្វើការប្រមូលថវិកាបានចំនួន ១០០លានរៀល ដើម្បីប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពទារក និងកុមារនៅកម្ពុជា។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងថា ព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» នេះរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងលើកកម្ពស់សុខុមាលភាពសង្គម។ តាមរយៈកម្មវិធីមនុស្សធម៌នេះ គឺទទួលបានការគាំទ្រយ៉ាងច្រើនពីសាធារណជន ដោយមានអ្នកចុះ ឈ្មោះចូលរួមរត់ប្រមាណជាង ១៦០០នាក់ និងមានជនបរទេសចំនួន ១៧សញ្ជាតិ ដោយធ្វើការរត់ក្នុងចម្ងាយ ៤.៤គីឡូម៉ែត្រ និង ៦.៦គីឡូម៉ែត្រ។
ក្រៅពីការរត់ អ្នកចូលរួមក៏អាចទស្សនាស្តង់ផលិតផលប្រមាណជា ២០ស្តង់ផងដែរ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ស្ថិតនៅក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍ ការរៀបចំព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» នេះឡើងបានផ្តល់ឱកាសជួបជុំគ្នាលេងកីឡា ស្របតាមពាក្យស្លោកថា «កីឡារស់ក្នុងសន្ដិភាព»។ ក្នុងឱកាសជួបជុំគ្នាយើងច្រើនកុះករនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ ពេលទំនេរពីកិច្ចការងារ និងការសិក្សា ត្រូវនាំគ្នាលេងកីឡា ដើម្បីឱ្យសុខភាពល្អរឹងមាំ បង្កើនទំនាក់ទំនងល្អ និងមានភាពស្និទ្ធស្នាល។ យុវជនចូលរួមលេងកីឡា ដើម្បីសុខភាព និងពង្រឹងសាមគ្គីភាព ចៀសផុតពីគ្រឿងញៀន។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនជនរួមជាតិ ភ្ញៀវបរទេស ច្រើនជាតិសាសន៍ ជាពិសេសបណ្តាក្រុមហ៊ុនឯកជនដែលបានចូលរួមសហការគាំទ្រ ព្រមទាំងបានចូលរួមផ្តល់នូវថវិកា ស្បៀងអាហារ ភេសជ្ជៈ ដើម្បីធ្វើឱ្យដំណើរការរត់ម៉ារ៉ាតុងដើម្បីមនុស្សធម៌នេះ បានបញ្ចប់ប្រកបដោយភាពសប្បាយរីករាយ ហើយប្រមូលបានថវិកាចំនួន ១០០លានរៀល ដើម្បីយកទៅជួយដល់កុមារកម្ពុជាដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ។

កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ រួមជាមួយកុមារជាច្រើនដែលបានចូលរួមរត់ក្នុងព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» បានសម្ដែងការសប្បាយរីករាយ និងបានចាត់ទុកកម្មវិធីសប្បុរសធម៌ដ៏ល្អនេះ គឺជាការចូលរួមរួមចំណែកយ៉ាងសំខាន់សម្រាប់សង្គម និងលើកម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជា ។ តាមរយៈព្រឹត្តិការណ៍ប្រកបដោយស្នាមញញឹមនេះដែរ នឹងរួមចំណែកបំផុសស្មារតីឱ្យយុវជន ប្រជាពលរដ្ឋ ចូលរួមកាន់តែច្រើនឡើងបន្ថែមទៀត សម្រាប់ព្រឹត្តិការណ៍លើកក្រោយៗទៀតដែលរៀបចំដោយក្រសួងព័ត៌មាន និងវិស័យឯកជន “ យើងរួមគ្នាដើម្បីកុមារកម្ពុជា “ ។

ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងដើម្បីមនុស្សធម៌ ទទួលបានការចូលរួមគាំទ្រ និងឧបត្ថម្ភពីបណ្តាវិស័យឯកជនជាច្រើន រួមមាន ក្រុមហ៊ុន ASEAN Top News, ក្រុមហ៊ុន Huawei Cambodia, សមាគមចិន CCIA Members, ធនាគារ FTB, ក្រុមហ៊ុនបុរី ប៉េង ហួត, ក្រុមហ៊ុន Dynamic, ក្រុមហ៊ុន Midas, ក្រុមហ៊ុន Honor, ក្រុមហ៊ុន P.P.M, ក្រុមហ៊ុន Terratex, ក្រុមហ៊ុន Pocari Sweat, ក្រុមហ៊ុន Vital និង មី ជាតិ, ក្រុមហ៊ុន Starbalm Gel, ក្រុមហ៊ុន Media និងក្រុមហ៊ុន ចេក ពិសិដ្ឋ ៕