រដ្ឋមន្ត្រីក្រសួងអប់រំ និងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា រួមគ្នាជំរុញការវិនិយោគលើវិស័យអប់រំ ពិសេសជួយដល់ការអភិវឌ្ឍមូលធនមនុស្ស និងអភិវឌ្ឍផ្នែកសេដ្ឋកិច្ចផងដែរ

ការវិនិយោគលើវិស័យអប់រំ មិនត្រឹមតែជួយដល់ការអភិវឌ្ឍមូលធនមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយដល់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចផងដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ ជាផ្លូវការ សាលាអន្តរជាតិកម្ពុជា-អូស្ត្រាលី (AusCam Academy) និងកម្មវិធីសិក្សាមធ្យមសិក្សាស្ត្រាលី ដែលជាសាលាអន្តរជាតិដែលផ្តល់កម្មវិធីអប់រំស្តង់ដារអូស្ត្រាលី (SACEi) ដែលមានទីតាំងស្ថិតនៅ តំបន់ជ្រោយចង្វា រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអបអរសាទរ ដល់សាលាអន្តរជាតិកម្ពុជា-អូស្ត្រាលី ដែលបានសម្ពោធជាផ្លូវការ នាពេលនេះ ជាពិសេសចំពោះការនាំយក កម្មវិធីសិក្សាមធ្យមសិក្សាអូស្ត្រាលី មកកាន់កម្ពុជា ដែលទាំងអស់នេះ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារវាងកម្ពុជា និងអូស្ត្រាលី ក្នុងការបង្កើនគុណភាពអប់រំ ជាពិសេសផ្តល់ឱកាសដល់សិស្សានុសិស្ស ក្នុងប្រទេសកម្ពុជា ទទួលបានកម្មវិធីសិក្សា និងសញ្ញាបត្រដែលត្រូវបានទទួលស្គាល់កម្រិតអន្តរជាតិ។ កម្មវិធីសិក្សាពិសេសនេះ ផ្តោតលើការបណ្ដុះបណ្ដាលបំណិនទន់ ឬហៅថាបំណិនសតវត្សទី២១ ដែលជួយឱ្យសិស្សានុសិស្ស មានសមត្ថភាព នៅក្នុងការធ្វើការងារជាក្រុម ការទំនាក់ទំនង បំណិនសង្គម បំណិនផ្នែកបច្ចេកវិទ្យា ការត្រិះរិះពិចារណា គំនិតផ្ដួចផ្ដើមថ្មីៗ ជាពិសេស ប្រើប្រាស់ចំណេះដឹង ដែលបានរៀនពីថ្នាក់រៀនផ្សារភ្ជាប់ដោះស្រាយបញ្ហាដែលជួបប្រទះរាល់ថ្ងៃនៅក្នុងសង្គមខាងក្រៅដែលមានភាពប្រែប្រួលឥតឈប់ឈរ។

តាងនាមក្រសួងអប់រំ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណ ដល់ភាគីពាក់ព័ន្ធជាតិនិងអន្តរជាតិទាំងអស់ ដែលបានខិតខំប្រឹងប្រែង សម្រេចនូវសមិទ្ធផលនេះ និងបានលើកឡើងពីសារៈសំខាន់ នៃការវិនិយោគលើវិស័យអប់រំ ដែលជាវិស័យអាទិភាព របស់រាជរដ្ឋាភិបាល ព្រមទាំងបានជំរុញលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្សផងដែរ។

លោកនាយកសាលាអន្តរជាតិកម្ពុជា-អូស្ត្រាលី Lance Jackson ក៍បានបង្ហាញពីទស្សនៈវិស័យ ដែលផ្តោតទៅលើគុណភាព និងការកសាងបុគ្គលសំរាប់អនាគត ជាពិសេស ការបង្កើតសាលារៀននេះ ក្នុងបំណងផ្តល់ដល់សិស្សានុសិស្សនៅកម្ពុជាទទួលបានការអប់រំលំដាប់ពិភពលោក ហើយវាក៏ជាមធ្យោបាយមួយ ដើម្បីគាំទ្រដល់ការលើកកម្ពស់សេដ្ឋកិច្ច និងសង្គមក្នុងស្រុក និងពិភពលោក ខណៈដែលសាលារៀនអន្តរជាតិមួយនេះ បានចាប់ដៃគូជាមួយកម្មវិធីសិក្សានៃរដ្ឋអូស្ត្រាលីភាគខាងត្បូង និងដៃគូពីសាកលវិទ្យាល័យឈានមុខគេទូទាំងពិភពលោក រួមទាំងនៅប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា សិង្ហបុរី និងម៉ាឡេស៊ី។

លោក Ashley Irving ប្រធានសភាពាណិជ្ជកម្មអូស្ត្រាលី (Australian Chamber of Commerce) និងជាចាងហ្វាងសាលា ACE ថ្លែងថានេះ ជាការបោះជំហានទៅមុខដ៏វិជ្ជមាន សំរាប់ជំរើសសិក្សានៅកម្ពុជា គឺជាផ្នែកមួយ នៃការផ្តល់នូវការអប់រំ និងជាចក្ខុវិស័យមួយក្នុងការពង្រឹងទំនាក់ទំនងផ្នែកអប់រំ និងពាណិជ្ជកម្មរវាងអូស្ត្រាលី និងកម្ពុជាផងដែរ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា Derek Yip បានថ្លែងអបអរសាទរដល់ស្ថាប័ន SACE Board និងសាលា AusCam ហើយថាកិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីអនាគតនៃវិស័យអប់រំ ហើយលោកជឿជាក់ថា នឹងផ្តល់ជូនសិស្សានុសិស្សប្រទេសកម្ពុជានូវមធ្យោបាយដែលនាំឲ្យគាត់ជោគជ័យ ក្នុងការទទួលសញ្ញាបត្រ ដែលត្រូវបានទទួលស្គាល់ទូទាំងសកលលោកផងដែរ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងដែរថា ការអប់រំមិនមែនគ្រាន់តែអំពីការទទួលបានចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែវាជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច និងការបង្កើតភាពជាដៃគូអន្តរជាតិ ផងដែរ។

សូមបញ្ជាក់ដែរថា សាលាអន្តរជាតិកម្ពុជាអូស្ត្រាលី (AusCam Academy) ផ្តល់កម្មវិធីអប់រំសម្រាប់សិស្សអាយុពី៣ឆ្នាំ ដល់១៨ឆ្នាំ។ កម្មវិធីនេះផ្តល់ជូនតាមរយៈកម្មវិធីសិក្សា South Australia និងមានលក្ខណៈពិសេស ដោយជួយឲ្យសិស្សមានសមត្ថស្របតាមតំរូវការនៃការវិវត្តន៍នៃការងារ សង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា ប្រកបដោយបំនិននានាក្នុងការក្លាយជាពលរដ្ឋសកល។ 70% នៃពិន្ទុះទទួលបានពីការខិតខំជាប្រចាំពីកិច្ចការជាឯកតបុគ្គល ការងារជាក្រុម ការច្នៃប្រឌិត ការដោះស្រាយបញ្ហា ។ល។ ឯពិន្ទុ 30% ទៀតបានពីការប្រលង មានន័យថាពិន្ទុះដែលទទួលបានមិនអាស្រ័យតែការធ្វើតេស្តតែម្តងនោះទេ។