ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា កម្ពុជាបានកំពុងបោះជំហានទៅមុខគួរជាទីមោទនៈនិងមានភាពរីកចម្រើនលើគ្រប់វិស័យ ក្រោមគោលនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដ៏ឈ្លាសវៃនិងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសទទួលបានសន្តិភាពពេញលេញ និងបានបើកទូលាយឲ្យមានសេរីភាពលើជំនឿសាសនារៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសាសនា និងសង្គម។
ឯកឧត្តម ចាយ បូរិន បានថ្លែងបែបនេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុង ពិធីបុណ្យកតញ្ញុតាធម៌ និងសន្និសីទជំរុញអាហារបួសប្រចាំឆ្នាំ លើកទី៧ ក្រោមប្រធានបទ “បញ្ចេញពន្លឺរស្មីនៃក្តីស្រលាញ់” ដែលរៀបចំដោយក្រុមប្រឹក្សាអុីគ័នតាវឯកអនុត្តរធម៌ប្រចាំកម្ពុជា ។
ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងថា ក្នុងសង្គមខ្មែរ កតញ្ញូតាធម៌ ជាគុណធម៌ដ៏សំខាន់បំផុត ដែលដូនតាខ្មែរបានសាបព្រោះ ក្លាយជាវប្បធម៌កតញ្ញូ ជាប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនខ្មែរ ជាការលើកតម្កើនសង្គហធម៌ ព្រហ្មវិហារធម៌ និងកត្តញ្ញូតាធម៌។ ដោយឡែកទោះបី កម្ពុជាមិនមានតួលេខច្បាស់លាស់ដែលប្រជាជនហូបអាហារបួសក៏ដោយ ប៉ុន្តែតាមការសង្កេតឃើញថា ការបរិភោគអាហារ បួស របស់ប្រជាជនកម្ពុជា នៅភោជនីយដ្ឋាននានា គឺមានការកើនផងដែរ ។
បន្ថែមពីនេះ ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា ក្រសួងធម្មការនិងសាសនា បានផ្តោតលើអាទិភាពមួយចំនួនគឺ ៖
១) ការលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ជាពិសេស ពុទ្ធិកសិក្សា ស្របតាមរដ្ឋធម្មនុញ្ញ មាត្រា ៦៨ រដ្ឋជួយផ្សព្វផ្សាយនិង លើកតម្កើងសាលាបាលីនិងពុទ្ធិកសិក្សា ។
២)ដឹកនាំនិងត្រួតពិនិត្យ អង្គការសាសនាឱ្យធ្វើសកម្មភាពស្របតាមច្បាប់រដ្ឋនិងប្រតិបត្តិជំនឿ សាសនាស្របតាមធម៌វិន័យ និងគោលលទ្ធិសាសនារៀងៗខ្លួន។
៣) លើកទឹកចិត្តឱ្យសាសនាទាំងអស់ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម តាមរយៈការផ្តល់ការអប់រំខាងស្មារតី សីលធម៌ វប្បធម៌ និងសង្គមកិច្ច។
៤) រក្សាឱ្យបាននូវសុខដុមនីយកម្ម និងសេរីភាពខាងជំនឿសាសនា ទាំងអស់៕