ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»

នាព្រឹកថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៥, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ច–ប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី, ឯកឧត្តមទេសរដ្ឋមន្រ្តី, ឯកឧត្តមរដ្ឋមន្រ្តី, និងឯកឧត្តម–លោកជំទាវ ជាថ្នាក់ដឹកនាំ អមដោយមន្រ្តីជំនាញពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ។
«សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ» របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ឬហៅកាត់ថា «ផ.យ.អ.ជ»ត្រូវបានរៀបចំឡើងបន្តពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩–២០២៣ ដើម្បីអនុវត្តក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
«ផ.យ.អ.ជ.» ដែលមានឋានានុក្រមទី ៣ បន្ទាប់ពី កម្មវិធីនយោបាយ និង យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១, បំប្លែងការតម្រង់ទិសគោលនយោបាយយុទ្ធសាស្ត្រធំៗ ដែលមានចែងនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ឱ្យក្លាយទៅជាសកម្មភាពដែលអាចអនុវត្តបាន និងមានចរិតជាការកែទម្រង់ស៊ីជម្រៅ ។«ផ.យ.អ.ជ» ដាក់ចេញនូវសកម្មភាព និងកម្មវិធីអាទិភាពទាំងឡាយជាលក្ខណៈវិស័យ និងអន្តរវិស័យ ដែលជាមគ្គុទេសក៍ជាយុទ្ធសាស្រ្ត ដល់ក្រសួង–ស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួន ។ «ផ.យ.អ.ជ» ផ្តល់នូវក្របខ័ណ្ឌរួមមួយសម្រាប់ការធ្វើអាទិភាវូបនីយកម្ម និងការកៀរគរធនធនក្នុងប្រទេស និងក្រៅប្រទេស ដើម្បីធ្វើហិរញ្ញប្បទានដល់ការអនុវត្តសកម្មភាព, កម្មវិធី,និងគម្រោងនានា ដោយបន្ស៊ីការប្រើប្រាស់ធនធានជាមួយនឹងអាទិភាពជាតិ, កំណត់នូវយន្តការតាមដានត្រួតពិនិត្យវឌ្ឍនភាព ធៀបនឹងសូចនាករ និងចំណុចដៅ ដែលជាមូលដ្ឋានសម្រាប់ការកែតម្រូវអាទិភាព និងការបែងចែកធនធាន ដោយផ្អែកលើភស្តុតាង និងសម្រាប់ការលើកកម្ពស់គណនេយ្យភាព, និងគិតគូរដាក់បញ្ចូលការចូលរួមរបស់កម្ពុជា ក្នុងការអនុវត្តបណ្ដារបៀបវារៈអភិវឌ្ឍសកល ។
អង្គប្រជុំ បានពិនិត្យ និងពិភាក្សា លើសេចក្តីព្រាង «ផ.យ.អ.ជ»ដែលសម្របសម្រួលរៀបចំឡើងដោយក្រសួងផែនការ និងបានដាក់ឆ្លងកិច្ចប្រជុំពិភាក្សាជាច្រើនលើកជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិឌ្ឍន៍ និង អង្គការក្រៅរដ្ឋាភិបាល ដើម្បីប្រមូលធាតុចូល ។ ជារួម, អង្គប្រជុំបានវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃយុទ្ធសាស្រ្តនេះ ព្រមទាំងបានពិភាក្សាស៊ីជម្រៅបន្ថែមទៀតទៅលើខ្លឹមសារតាមផ្នែកនីមួយៗ, ភាពប្រទាក់ក្រឡា និងសង្គតិភាពជាមួយឯកសារគោលរបស់រាជរដ្ឋាភិបាល, ផ្ទៀង–ផ្ទាត់តួលេខ និងផ្តល់យោបល់លើសូចនាករសំខាន់ៗ ដើម្បីជាធាតុចូលសម្រាប់ធ្វើការកែលម្អសេចក្តីព្រាងយុទ្ធសាស្រ្តនេះ មុននឹងស្នើសុំការអនុម័តពីប្រមុខរាជរដ្ឋាភិបាលនាពេលខាងមុខដ៏ខ្លី ។
ចុងក្រោយ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណដល់ក្រសួង–ស្ថាប័នពាក់ព័ន្ធ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងផែនការ ក្នុងការរៀបចំ «សេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ» និងបានចូល រួមកិច្ចប្រជុំពិភាក្សានាពេលនេះ ដោយបានខិតខំពិនិត្យ និងពិភាក្សាយ៉ាងយកចិត្តទុក–ដាក់ និងផ្តល់ ធាតុចូលគ្រប់ផ្នែកទាំងអស់នៃឯកសារឱ្យកាន់តែមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ។