សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ផ្តាំផ្ញើរដល់សមណសិស្ស រក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងវិន័យនៃការប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ

ភ្នំពេញ៖ ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ ដែលស្ថិតនៅក្នុងវត្តជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើពិធីកាត់វិញ្ញាសារប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា ២០២៥-២០២៦  ក្រោមព្រះអធិបតីភាពសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក ឧត្តមប្រឹក្សាគណៈមហានិកាយ ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ជាព្រះចៅធិការវត្តលង្កាព្រះកុសុមារាមរាជធានីភ្នំពេញនាព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ដោយមានសមណសិស្ស/សិស្ស ចំនួន ៤៥៥អង្គ/នាក់លើពុទ្ធិកអនុវិទ្យាល័យចំនួន២ ពុទ្ធិកអនុវិទ្យាល័យជម្ពូវ័នសែនជ័យនិងពុទ្ធិកអនុវិទ្យាល័យ ពោធិសាល(ឃ្មួញ)។

ព្រះមុនីកោសល វ៉ង់ គឹមសន ព្រះប្រធានគណៈកម្មការប្រចាំមណ្ឌលនិងព្រះនាយកពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យមានសង្ឃដិកាថា វិញ្ញាសារប្រឡងមាន ភាសាបាលី  សរសេរតាមអាន  ព្រះវិន័យ  និងគណិតវិទ្យា ។ល។ បេក្ខសមណសិស្ស សិស្ស ត្រូវគោរពបទប្បញ្ញត្តិទូទៅសម្រាប់ ការប្រឡងដូចខាងក្រោម៖Iប្រការដែលបេក្ខសមណសិស្ស សិស្ស ត្រូវអនុវត្ត៖បេក្ខសមណសិស្ស សិស្ស មកដល់មណ្ឌលប្រឡងត្រូវឃ្មុំចីវរឬស្លៀកពាក់ឯកសណ្ឋានសិស្ស ដាក់អាវក្នុងខោឬសំពត់ឱ្យបានត្រឹមត្រូវក្នុងមណ្ឌលប្រឡងនិងត្រូវយកសលាកបត្រឯកត្តជនបង្ហាញអនុរក្សមុននឹងចូលបន្ទប់ប្រឡង។សមណសិស្ស សិស្ស ត្រូវឱ្យអនុរក្សឆែកនិងដកហូតឯកសារដែលក្រសួងមិនអនុញ្ញាតឱ្យយកចូលក្នុងបន្ទប់ប្រឡង សមណសិស្ស សិស្សត្រូវសរសេរតែប៊ិកពណ៌ខៀវ ប៉ុន្តែមិនមែនប៊ិកហ្វឺតពណ៌ខៀវ។សមណសិស្ស សិស្សត្រូវគង់ឬអង្គុយឱ្យចំលេខតុដែលបានកំណត់ដោយគណៈកម្មការប្រឡង។

សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល មានព្រះសង្ឃដិការ សម្តែងនូវការកោត សរសើរចំពោះពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ មានព្រះមុនីកោសល វ៉ង់ គឹមសន ជាព្រះនាយក ដែលបាន ខិតខំពុះពាររាល់ការលំបាកនានាធើ្វឱ្យពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យអាចដំណើរការបានមកដល់សព្វថ្ងៃ។ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល បានគូសបញ្ជាក់ថា សាលាពុទ្ធិកបានដើរតួនាទីយ៉ាងសំខាន់បំផុតនៅក្នុងការបណ្តុះបណ្តាល និងកសាងធនធានមនុស្ស ទាំងព្រះសង្ឃ ទាំងគ្រហស្ថនៅកម្ពុជា។សម្តេចព្រះធម្មលិខិត បានលើកឡើងពីសារៈសំខាន់នៃតួនាទីរបស់សាលាពុទ្ធិកសិក្សានៅក្នុងវិស័យព្រះពុទ្ធសាសនា ដែលសាលាពុទ្ធិកសិក្សាគ្រប់កម្រិតបានរួមចំណែកដ៏សំខាន់នៅក្នុងការកសាងធនធានមនុស្ស ទាំងព្រះសង្ឃ ទាំងគ្រហស្ថបានជាបន្តបន្ទាប់ ដែលធនធានទាំងនោះកំពុងចូលរួមយ៉ាងសកម្មក្នុងការបំរើដល់ការរីកចម្រើនរបស់ព្រះពុទ្ធសាសនានៅកម្ពុជា។

សម្តេចព្រះធម្មលិខិត បណ្ឌិតសៅរ៍ ចន្ទថុល្ល ក្នុងនាមសម្តេចព្រះមហាសុមេធាធិបតី អំ លឹមហេង ព្រះសង្ឃនាយកនិងជា ព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានអបអរសាទរ និងវាយតម្លៃ ខ្ពស់ចំពោះការ ពិធីកាត់វិញ្ញាសារប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ នៅពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យនាពេលនេះ ដោយមានសមណសិស្ស និងសិស្ស រហូតទៅដល់ ៤៥៥អង្គ/នាក់ត្រូវចូលចូលប្រឡងដើម្បីបន្តសិក្សា រៀនសូត្រ ដែលនេះគឺជាបន្ទុកដ៏ធ្ងន់របស់ពុទ្ធិកវិទ្យាល័យក្នុងការចំណាយសម្រាប់ការសិក្សានេះ។ ដូច្នេះហើយ សម្តេចព្រះធម្មលិខិត បណ្ឌិតសៅរ៍ ចន្ទថុល្ល បានធ្វើការអំពាវនាវទៅដល់ពុទ្ធបរិស័ទ សប្បុ រសជន និងតាមបណ្តាវត្តនានា ដែលគ្មានសាលាពុទ្ធិកសិក្សា សូមចូលរួមជួយទំនុកបម្រុងសម្រាប់ការចំណាយរបស់ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យនេះផង ដើម្បីពុទ្ធិកវិទ្យាល័យមួយនេះអាចបន្តដំណើរទៅមុខទៀត។

ក្នុងឱកាសនេះ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក ឧត្តមប្រឹក្សាគណៈមហានិកាយ ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ជាព្រះចៅធិការវត្តលង្កាព្រះកុសុមារាមរាជធានីភ្នំពេញ

 បានឧបត្ថម្ភក្នុងពិធីប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ ចំនួន ២លានរៀល និង

ទឹកបរិសុទ្ធមួយចំនួន៥០កេស ជូនដល់ សមណសិស្ស/សិស្ស ចំនួន ៤៥៥អង្គ/នាក់ គណៈកម្មាប្រឡង គណៈកម្មាបំពេញបន្ថែមនិងលោកគ្រូអ្នកគ្រូ ៨៧អង្គ/នាក់ ក្នុង១អង្គ/ នាក់ នូវបច្ច័យ មួយចំនួនផងដែរ៕