ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឈិន កេតនា ÷ ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាពេលខាងមុខនេះ ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត។ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឈិន កេតនា មានប្រសាសន៍លើកឡើងថា ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ មានប្រសាសន៍លើកឡើងបែបនេះនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជា ណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ កិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពី លោកអ្នកឧញ៉ាមហាភក្តី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន ពាក់ព័ន្ធ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គ.ជ.ប.អ. ព្រមទាំងខេត្តសៀមរាប និងខេត្តពាក់ព័ន្ធមានដូចជា ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូននូវអនុសាសន៍ណែនាំ រាល់កិច្ចការងារសំខាន់ៗ ដែលនឹងត្រូវអនុវត្តមុនពេលប្រារព្ធព្រះរាជកម្មវិធី ព្រមទាំងពិនិត្យអំពីលទ្ធផល ការងារដែលបានអនុវត្តន៍ក្នុងពេលកន្លងមក និងជូនជាអនុសាសន៍មួយចំនួន គប្បីបង្កើនស្មារតី សាមគ្គីភាព សហប្រតិបត្តិការល្អ ក្នុងការអនុវត្តន៍នូវរាល់កិច្ចការសំខាន់ៗ ដើម្បីអោយមានកិច្ចដំណើរការយ៉ាងល្អប្រសើរបំផុត ។ ចំពោះកាលបរិច្ឆេទ និងទីតាំងប្រារព្ធព្រះរាជពិធី សម្រាប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ វេលា ម៉ោង១៤:០០នាទីរសៀល ប្រារព្ធពិធីក្រុងពាលី និងពិធីសូត្រមន្ត នៅក្តារបែន មុខប្រាសាទអង្គរវត្ត ខេត្តសៀមរាបថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ប្រារព្ធព្រះរាជពិធីជាផ្លូវការនៅក្តារបែន មុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ 

ឯកឧត្តម បានមានប្រសាសន៍ណែនាំបន្ថែមទៀតដល់អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សូមសហការការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ឲ្យបានល្អ នៅថ្ងៃប្រារព្ធព្រះរាជកម្មវិធីជាផ្លូវការនាពេលខាងមុខ។ 

មុននឹងបញ្ចប់ ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានសំណូមពរដល់សមាជិក សមាជិកាអង្គប្រជុំទាំងអស់ អញ្ជើញត្រឡប់ទៅវិញ រាយការណ៍ជូនថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន រាជធានី ខេត្តពាក់ព័ន្ធបានជ្រាប និងអនុវត្ត តាមស្មារតីអង្គប្រជុំ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។