បងប្អូនសហគមន៍ខ្មែរពីអូស្ត្រាលី និងណូវែលហ្សេឡង់ បន្តទស្សនកិច្ចទៅតំបន់ព្រំដែន កម្ពុជា-វៀតណាម នៅខេត្តក្រចេះ

បងប្អូនសហគមន៍ខ្មែរពីអូស្ត្រាលី និងណូវែលហ្សេឡង់ បន្តទស្សនកិច្ចទៅតំបន់ព្រំដែន កម្ពុជា-វៀតណាម នៅខេត្តក្រចេះ

បន្ទាប់ពីបានបំពេញដំណើរទស្សនកិច្ចនៅ គោលដៅទី១ ក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ គណៈប្រតិភូសហគមន៍ខ្មែរពីប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ បានបន្តការធ្វើដំណើរទៅ គោលដៅទី២ ក្នុងខេត្តក្រចេះ ដើម្បីសិក្សាពីស្ថានភាពព្រំដែន កម្ពុជា-វៀតណាម។ឋ

ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយលោក សារ៉ា ណារីជេស៉ិន, តំណាងសហគមន៍ខ្មែររស់នៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់។ នៅទីនោះ បងប្អូនបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពី លោក គង់ គឹមនី, អភិបាលរងខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។

មុនពេលចូលទៅតំបន់ព្រំដែន គណៈប្រតិភូបានអញ្ជើញទៅ ស្តូបអនុស្សាវរីយ៍ពីរធ្នូ ដើម្បីស្ដាប់ការរៀបរាប់អំពីប្រវត្តិសាស្ត្រនៃការតស៊ូរបស់កម្ពុជាសម្រាប់ជាតិ និងប្រជាជន។

បន្តពីនោះ គណៈប្រតិភូបានអញ្ជើញទៅ បង្គោលព្រំដែនលេខ ៦៩ និង ៦៦, ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តក្រចេះ។ អ្នកជំនាញបច្ចេកទេសកិច្ចការព្រំដែនបានធ្វើបទបង្ហាញស្តីអំពី ដំណើរការកំណត់ព្រំដែន ការគ្រប់គ្រង និងការការពារទឹកដីជាតិ។

តាមរយៈបទបង្ហាញនេះ បងប្អូនខ្មែរបានឃើញដោយផ្ទាល់ ភាពរឹងមាំ និងភាពច្បាស់លាស់នៃខ្សែបន្ទាត់ព្រំដែន ដែលបានកំណត់ដោយត្រឹមត្រូវ។ ការមកឃើញដោយផ្ទាល់ និងការស្ដាប់ព័ត៌មានពីសមត្ថកិច្ចជំនាញ បានផ្តល់ទំនុកចិត្តដ៏ខ្លាំងមកលើបងប្អូនខ្មែររស់នៅក្រៅប្រទេស។

បងប្អូនសហគមន៍ខ្មែររស់នៅក្រៅប្រទេសបានលើកឡើងថា “ព្រំដែនរបស់កម្ពុជារឹងមាំ, ច្បាស់លាស់ និងមិនមានប្រទេសណាអាចឈ្លានពានយកបានសូម្បីតែមីលីមែត្រមួយ”។

មិនមែនត្រឹមតែទស្សនា ប៉ុន្តែជាការរួមចំណែកបង្កើនសមត្ថភាពជាតិ

ដំណើរទស្សនកិច្ចមកកាន់តំបន់ភូមិភាគឦសាន នាពេលនេះ មិនត្រឹមតែជាឱកាសសិក្សាអំពីការគ្រប់គ្រងព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែជាការសម្ដែងឆន្ទៈដ៏រឹងមាំរបស់បងប្អូនខ្មែររស់នៅក្រៅប្រទេស ក្នុងការគាំទ្រកិច្ចការការពារទឹកដីជាតិ។

“ស្រឡាញ់ជាតិ មិនត្រឹមតែមានក្នុងបេះដូងនោះទេ ប៉ុន្តែត្រូវចូលរួមជាក់ស្តែង ក្នុងការយល់ដឹង និងការពារមរតកដ៏មានតម្លៃ ដែលជាអធិបតេយ្យភាព 

របស់ប្រទេស”។