ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ចុះពិនិត្យសកម្មភាពបោសសម្អាតមីន ដេីម្បីគាំទ្រទស្សនវិស័យរបស់សម្តេចធិបតី ក្នុងការប្រែក្លាយតំបន់ការពារធម្មជាតិ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ (Eco Tourism) ប្រកបដោយសុវត្ថិភាព

(ពោធិ៍សាត់) ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់អង្គការ HALO Trust ដេីម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ស្ថិតក្នុងតំបន់ភ្នំ ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ការចុះពិនិត្យនេះ មានការចូលរួមពី ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ទូច ភាព អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អាជ្ញាធរខេត្តពោធិ៍សាត់គ្រប់លំដាប់ថ្នាក់ និងប្រតិបត្តិករ HALO Trust។
ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់អំពីសារៈសំខាន់អំពីការងារបោសសម្អាតមីន ដេីម្បីគាំទ្រដល់ការអភិវឌ្ឍនៅនឹងកន្លែង ជាពិសេសចូលរួមផ្តល់សុខសុវត្ថិភាព និងលេីកកម្ពស់ដល់វិស័យទេសចរណ៍ធម្មជាតិនៅតាមតំបន់មួយចំនួនដែលកំពុងមានការចាប់អារម្មណ៍ និងទាក់ទាញភ្ញៀវទេសចរដេីរលេងកំសាន្តនិងសម្រាកលំហែកាយជាមួយនឹងធម្មជាតិដ៏ស្រស់ស្អាត ជាពិសេសតំបន់ភ្នំធម្មជាតិ ១៥០០ នៅវាលវែងនេះ។
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា បច្ចុប្បន្ននេះ អាជ្ញាធរមីន កំពុងយកចិត្តទុកដាក់លេីការងារបោសសម្អាតមីនដេីម្បីគាំទ្រវិស័យទេសចរណ៍ធម្មជាតិ ស្របតាមទស្សនវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្កេីតតំបន់ទេសចរណ៍ធម្មជាតិថ្មីៗឱ្យបានច្រេីនប្រកបដោយសុវត្ថិភាព ដេីម្បីរួមចំណែកលេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ជាពិសេសក្នុងការប្រែក្លាយតំបន់អតីតសមរភូមិ មានហានិភ័យខ្ពស់ដោយសារគ្រាប់មីន និងតំបន់ការពារធម្មជាតិ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ និងដំណេីរកំសាន្តលក្ខណៈរុករក។ ដំណេីរកំសាន្តរបស់ប្រជាពលរដ្ឋតាមតំបន់រមណីយដ្ឋានធម្មជាតិ ត្រូវតែមានការរៀបចំជាមុន និងមានសុខសុវត្ថិភាពខ្ពស់ ស្របតាមបំណងប្រាថ្នារបស់សម្តេចធិបតី។
ប៉ុន្ដែទោះបីយ៉ាងណា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ នៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ ។