ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកឆ្លូង ខេត្តក្រចេះ

ខេត្តក្រចេះ៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានបន្តចុះពិនិត្យការបម្រើសេវាសុខាភិបាល និងពិនិត្យវឌ្ឍនភាព សួរសុខទុក្ខមន្រ្តីសុខាភិបាល នៅមន្ទីរពេទ្យបង្អែកឆ្លូង (CPA2) ខេត្តក្រចេះ បន្ទប់ពីបានចុះពិនិត្យនៅមន្ទីរពេទ្យបង្អែកបាធាយ ដែលមានអញ្ជើញចូលរួមពី ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។
ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលដែលកំពុងបម្រើការងារ នៅក្នុងមន្ទីរពេទ្យបង្អែកបាធាយ និងជាពិសេសបន្តពិនិត្យទៅលើផែនការរៀបចំកែលម្អរចនាសម្ព័ន្ធ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្ម និងបន្ទប់វះកាត់ នៃមន្ទីរពេទ្យ ដែលជាគម្រោងកែលម្អមន្ទីរពេទ្យទាំង៦១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តដល់មន្រ្តី បុគ្គលិកបន្តខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាបន្ថែមទៀត ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងការធ្វើរោគវិនិច្ឆ័យ ការផ្តល់សេវាសង្គ្រោះបន្ទាន់ និងវះកាត់ ក្នុងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល (គ.វ.ស)។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន ជូនថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមបន្តការយកចិត្តទុកដាក់បន្ថែមទៀត និងអភិវឌ្ឍន៍សមត្ថភាពដែលមានស្រាប់អោយបានកាន់តែខ្លាំង មាំទាំ ដើម្បីបម្រើក្នុងវិស័យសុខាភិបាលឱ្យបានកាន់តែទូលំទូលាយ និងមានភាពរីកចំរើន ដែលស្របតាមសម័យឌីជីថល និងនវានុវត្តន៍៕