លោកឧត្តមសេនីយ៍ទោ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដឹកនាំអង្គប្រជុំត្រួតពិនិត្យផែនការការពារបុណ្យទន្លេ ឆ្នាំ២០២៥

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីត្រួតពិនិត្យចុងក្រោយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥។
គោលបំណងនៃការរៀបចំពិធីបុណ្យទន្លេគឺមានបីជាសំខាន់ទីមួយដើម្បីជម្រុញ លើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៏ខេត្តតាមដងទន្លេ ទីពីរដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំបុណ្យទន្លេនៅតាមបណ្តាខេត្តតាមដងទន្លេ និងទីបីដើម្បីបំផុសចលនាមហាជនឲ្យចូលរួមរក្សានិរន្តរភាពនៃទន្លេ និងចូលរួមថែរក្សាទន្លេ និងប្រើប្រាស់ទន្លេប្រកបដោយការយល់ដឹងពីគុណប្រយោជន៍នៃទន្លេ។
ពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៏ធម្មជាតិ» នឹងប្រព្រឹតិ្តទៅពីថ្ងៃសុក្រ ៨រោច ដល់ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណមុខមាត់បឹងតាកែវ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិ២ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
សម្រាប់ពិធីបើកពិធីបុណ្យទន្លេនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល បណ្ដាអង្គទូតនៃប្រទេសជាមិត្ត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកនាយសេនាធិការរង ស្នងការរង មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ និងមេបញ្ជាការគ្រប់បណ្តាអង្គភាពចំណុះអ.ហ.ផ.ទ និងខេត្តតាកែវផងដែរ។