ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលនៅ មណ្ឌលសុខភាពថ្មគ្រែ ខេត្តក្រចេះ ដែលជាប់លេខ ៦ជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៣,

បន្ទាប់ពីចប់កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារផ្នែកជំងឺកុមារថ្មី នៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ជាអំណោយរបស់មជ្ឈមណ្ឌលថែទាំសុខភាពចេនឡា រួចមកនៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលប្រចាំការបំពេញការងារនៅ មណ្ឌលសុខភាពថ្មគ្រែ ខេត្តក្រចេះ ។
គួរំលឹកដែរថា
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានសំដែងនូវការអបអរសាទរ ដល់មណ្ឌល សុខភាពថ្មគ្រែ ដែលបានជាប់លេខ ៦ជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៣ ។
ជាមួយគ្នានេះដែរនៅក្នុងឆ្នាំ២០២៤ មន្ទីរពេទ្យបង្អែកខេត្តក្រចេះជាប់ចំណាត់ថ្នាក់លេខ ៥ ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ហើយសាលាមត្តេយ្យធនធានក្រុងក្រចេះជាប់ចំណាត់ថ្នាក់លេខ ៩ ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ។
សូមបញ្ជាក់ថា កម្មវិធីវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ ដែលត្រូវបានដាក់ឱ្យអនុវត្តការប្រកួតប្រជែង ក្នុងគោលដៅដើម្បីពង្រឹងអភិបាលកិច្ច និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងការកៀរគរ ពីសហគមន៍ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធនានា ដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍន៍សាលារៀន និងមន្ទីរពេទ្យនៅតាមមូលដ្ឋាន៕