វគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល-ចៅក្រមអន្ដរកីឡាតេក្វាន់ដូ ITF បានបិទបញ្ចប់ដោយជោគជ័យ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ បន្ទាប់ដំណើរការរយៈពេល៦ថ្ងៃ ខណៈឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានចាត់ទុកថា វគ្គនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីជំរុញឱ្យប្រភេទកីឡារបស់កម្ពុជាមួយនេះកាន់តែរីកចម្រើន និងមានធនធានអាជ្ញាកណ្តាលចៅក្រមរបស់កម្ពុជាចូលរួមដឹកនាំការប្រកួតកម្រិតអន្តរជាតិ។
ឯកឧត្តម កែវ រ៉េមី មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលក្នុងកម្រិតអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិនេះ គឺក្នុងគោលបំណងវែងឆ្ងាយ ដោយយើងមានគំនិតចង់បញ្ជ្រាបមន្ត្រីអាជ្ញាកណ្តាល-ចៅក្រមកម្រិតអន្តរជាតិរបស់កម្ពុជាទៅក្នុងកម្រិតអន្ដរជាតិ មិនមែនត្រឹមតែអាជ្ញាកណ្ដាល-ចៅក្រមក្នុងប្រទេសប៉ុណ្ណោះទេ។ យើងចង់បញ្ជ្រាបពួកគាត់ទៅក្នុងកម្រិតអន្ដរជាតិ នៅក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ក្ដី អាស៊ីក្ដី ឬពិភពលោកក្ដី គឺយើងចង់ឱ្យមានសមត្ថភាពអាជ្ញាកណ្ដាល-ចៅក្រមកម្ពុជា ជាមួយប្រទេសផ្សេងៗ ដើម្បីបង្ហាញពីភាពស្មើមុខស្មើមាត់ កម្រិតនៃការយល់ដឹងបច្ចេកទេស សមត្ថភាពរបស់កម្ពុជា នៅក្នុងវិស័យតេក្វាន់ដូ ITF។
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសង្កត់ធ្ងន់ថា ៖«បើសិនមានអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិរបស់កម្ពុជា ចូលរួមដឹកនាំកាត់សេចក្តី ក្នុងព្រឹត្តិការណ៍ប្រកួតអន្ដរជាតិនានា ទី១-គឺយើងលើកមុខមាត់កម្ពុជាពីសមត្ថភាពធនធានមនុស្សរបស់យើងក្នុងវិស័យកីឡាតេក្វាន់ដូ ITF។ ទី២-ប្រទេសជាច្រើនក្នុងការប្រកួតកម្រិតអាស៊ាន អាស៊ី ឬពិភពលោកក៏ដោយ គេមកយកចិត្តយើង ព្រោះគេដឹងថា យើងមានអាជ្ញាកណ្ដាល-ចៅក្រមរបស់យើងលាយជាមួយគេ។ ទី៣-ជួយខ្លួនយើងផ្ទាល់ដែរ មានន័យថា បើយើងឈ្នះដាច់គេពិបាកដាក់ពិន្ទុបន្លំយើងណាស់ ក៏ប៉ុន្ដែនៅពេលដែលប្រហាក់ប្រហែលគ្នា ក៏យើងមានសង្ឃឹមឈ្នះដែរ បើសិនយើងមានអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិរបស់យើងកាត់សេចក្ដីក្នុងការប្រកួតនោះ»។
គូសបញ្ជាក់បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា កន្លងមកអត្តពលិកតេក្វាន់ដូ ITFកម្ពុជា ទទួលបានមេដាយរាប់ភ្លេច គឺបានដោយសារសមត្ថភាពសុទ្ធសាធ ដោយសារយើងអាជ្ញាកណ្ដាល-ចៅក្រមយើងនៅមានកម្រិតតិច និងមិនទាន់អាចបញ្ជ្រាបក្នុងកម្រិតអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិបានច្រើននៅឡើយទេ។ យើងមានតែមួយទេ គឺលោកគ្រូ ហ៊ឹម រីដា។ ដូច្នេះសមាសភាពអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិរបស់កម្ពុជានៅតិចពេក ហើយយើងចង់ជំរុញការបណ្ដុះបណ្ដាលក្មេងៗ និងបញ្ជ្រាបពួកគាត់ទៅក្នុងកម្រិតអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិនាពេលខាងមុខឱ្យបានកាន់តែច្រើន។
គួរបញ្ជាក់ថា បើតាមការរាយការណ៍របស់លោក ប៉ាល់ ជីវ័ន មន្ត្រីសម្របសម្រួលវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម កម្រិតអន្តរជាតិ ឆ្នាំ២០២៥នេះបានឱ្យដឹងថា វគ្គនេះដំណើរការរយៈពេល៦ថ្ងៃ ក្រោមកញ្ចប់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានសិក្ខាកាម៣០រូបមកពី ១២ក្រសួងស្ថាប័ន-រាជធានីខេត្ត ដែលមានគ្រូឧទ្ទេស២រូប គឺឯកឧត្តម បួនហ៊ីង សុធីយ៉ា និងឯកឧត្តម ហ៊ឹម រីដា។ លោក ប៉ាល់ ជីវ័ន បន្ថែមថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស លើផ្នែកកាយសម្បទារបស់កីឡាករ កីឡាការិនីកម្ពុជា ដើម្បីមានលក្ខណៈសមស្របទៅទៅជាអត្តពលិកឆ្នើម ក្នុងការអភិវឌ្ឍវិស័យកីឡាតេក្វាន់-ដូ ITF នៅក្នុងប្រទេសកម្ពុជា ជាពិសេសសមស្របទៅនឹងការប្រកួតកីឡាកម្រិតអន្តរជាតិនានា នាពេលខាងមុខ៕