ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការលើកកម្ពស់គុណភាពសេវាសុខាភិបាលជាវិធានការគន្លឹះ១ ក្នុងចំណោមវិធានការគន្លឹះទាំង៥ ដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី បានដាក់ចុះដើម្បីពង្រឹងសមត្ថភាពនិងផ្តល់សេវាសុខភាពនៅមូលដ្ឋាន

ឯកឧត្តម បានជម្រាបជូនដែរថា បច្ចុប្បន្ននេះ នៅតាមណ្ឌលសុខភាពមានការផ្តល់នូវឱសថសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺទឹកនោមផ្អែម និងសម្ពាធឈាម ដែលនេះជាការគិតគូរខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសុខុមាលភាពប្រជាពលរដ្ឋ។
នេះជាប្រសាសន៍របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសអញ្ជើញចុះពិនិត្យការងារ និងសាកសួរសុខទុក្ខមន្ត្រីសុខាភិបាលដែលកំពុងបម្រើការផ្តល់សេវាសាធារណៈនៅមណ្ឌលសុខភាពសណ្តាន់ ស្ថិតក្នុងឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ ហើយទទួលបានការពេញចិត្ត និងជំនឿទុកចិត្តាពីប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា
មណ្ឌលសុខភាពសណ្តាន់ និងមណ្ឌលសុខភាពដ៏ទៃទៀត បានដើរតូនាទីយ៉ាងសំខាន់ក្នុងការបម្រើសេវាសុខភាពបឋមនៅក្នុងមូលដ្ឋាន ។ ឈរលើភាពចាំបាច់ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការទទួលសេវាសុខាភិបាលដែលមានគុណល្អ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលផ្តោតលើការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋម នៅមូលដ្ឋាន ដោយផ្តោត ជាចម្បងលើ៖ ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក, ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយ័តកម្ម ការឆ្លើយតបនឹងការគម្រាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចដំណើរការមុខងារស្ថាប័ន និងការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ៕