ស្ពានអាកាស «មរតកតេជោ» និងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះក្រោមវត្តមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ដែលជាស្ពានអាកាសពីរជាន់ដំបូងគេនៅប្រទេសកម្ពុជា គ្រោងនឹងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើយោងតាមការឱ្យដឹងរបស់លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៥។
លោកស្រីដោ សម្ផស្ស បានអោយដឹងថា ការដាក់សម្ភោធឲ្យប្រើប្រាស់ស្ពានអាកាស «មរតកតេជោ»មុនចូលឆ្នាំខ្មែរគឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទីក្រុងភ្នំពេញជាពិសេសនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំខ្មែរផងនិងដោះស្រាយការកកស្ទះចរាចរនៅទីតាំងនេះផងដែរ។
ស្ពានអាកាស “មរតកតេជោ” នឹងជួយដល់កាត់បន្ថយការខាតបង់ពេលវេលា ក្នុងការធ្វេីដំណេីរ ,សន្សំសំចៃសម្រួលលំហូរចរាចរណ៍ ធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅមកជាពិសេសពេលរដូវបុណ្យជាតិធំៗ បុណ្យទានផ្សេងៗដូចជាបុណ្យភ្ជុំបិណ្ឌនិងបុណ្យចូលឆ្នាំខ្មែរជាដើម។
លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថា៖សមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀតនឹងលេចរូបរាងឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គួររំលឹកថា៖ ស្ពានអាកាស «មរតកតេជោ»ក្នុងជំហានទី២ បានធ្វើពិធីតភ្ជាប់ស្ពាន(ស្ពានអាកាសជាន់ទី១) កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។ ស្ពានអាកាសថ្មីនេះ ត្រូវបានអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវអញ្ជើញជាអធិបតី ក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីបញ្ចុះបឋមសិលា កាលពីរសៀលថ្ងៃទី៣០ សីហាឆ្នាំ២០២២ ហើយនៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនា។
ស្ពានអាកាសនេះសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកា ជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។
លោកស្រីដោ សម្ផស្ស បន្តថា៖ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននៅលំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោហ៊ុន សែន ពីព្រលានយន្តហោះថ្មី «ព្រលានយន្តហោះតេជោក្រុងតាខ្មៅ»ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញនិងទី២ទៀត អាចកាត់បន្ថយបាន នូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញផងដែរ៕