រុស្ស៊ីបានវាយប្រហារតាមដែនអាកាសចំនួន៧៦លើក ដោយ Drone ចំនួន៧៩៤គ្រឿងមកលើទឹកដីអ៊ុយក្រែន បើទោះបីភាគីទាំង២យល់ព្រម បទឈប់បាញ់រួមគ្នារយៈពេល៣០ថ្ងៃក្តី

អាជ្ញាធរក្នុងតំបន់បាននិយាយថាប្រទេសរុស្ស៊ីបានសម្រុកវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬ Drone នៅពេលយប់ទៅលើតំបន់ជាច្រើនក្នុងប្រទេសអ៊ុយក្រែន។ ភ្លាមៗសេវាសង្គ្រោះបន្ទាន់របស់រដ្ឋបាននិយាយថាតំបន់ខ្លះក្នុងទីក្រុង Kyiv ត្រូវបានកំណត់ជាគោលដៅនៅព្រឹកព្រលឹមនៃថ្ងៃអង្គារម្សិលមិញនេះ ដោយក្រុមអ្នកពន្លត់អគ្គីភ័យដែលបានប្រញ៉ាប់ប្រញ៉ាល់ប្រយុទ្ធនឹងភ្លើងឆាបឆេះឃ្លាំងក្រោយការវាយប្រហារ។ ប៉ុន្តែមិនមានអ្នករងរបួសត្រូវបានគេរាយការណ៍នោះទេ។ ចំណែកនៅក្នុងតំបន់ Kharkov និង Sumy ភាគខាងកើតអ៊ុយក្រែនវិញ ការវាយប្រហាររបស់រុស្ស៊ីបានបំផ្លាញអគារ និងយានជំនិះមួយចំនួន នេះបើយោងតាមសេវាសង្គ្រោះបន្ទាន់របស់រដ្ឋ។ អគ្គសេនាធិការអ៊ុយក្រែនបានរាយការណ៍ថា ពេញមួយយប់នោះកងទ័ពរុស្ស៊ីបានសម្រេចវាយប្រហារតាមដែនអាកាសចំនួន ៧៦លើក និងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចំនួន ៧៩៤ គ្រឿងក្នុងចេតនាប្រឆាំងអ៊ុយក្រែន ដោយសម្រុកវាយប្រហារមិនគួរឲ្យជឿ។ ការវាយប្រហារនេះបានធ្វើឡើងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងដោយក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិកដើម្បីធ្វើឱ្យមានវឌ្ឍនភាពលើបទឈប់បាញ់មួយផ្នែកដែលបានស្នើឡើងនៅក្នុងសង្រ្គាមរយៈពេល៣ឆ្នាំ កាលពីថ្ងៃច័ន្ទដែរ ដោយពួកគេបានជួបជាមួយនឹងតំណាងមកពីប្រទេសរុស្ស៊ីមួយថ្ងៃ បន្ទាប់ពីការពិភាក្សាដាច់ដោយឡែកជាមួយក្រុមមួយមកពីទីក្រុង Kyiv ។ ទោះបីជាមានការតស៊ូដើម្បីឈានទៅដល់កម្រិតបទឈប់បាញ់រយៈពេល៣០ថ្ងៃក្តី ដែលទីក្រុងម៉ូស្គូ និងក្រុងកៀវបានយល់ព្រមជាគោលការណ៍រួមកាលពីសប្តាហ៍មុនក៏ដោយ ប៉ុន្តែភាគីទាំងពីរហាក់នៅតែមិនគោរពគោលការណ៍រួម និងបានបន្តវាយប្រហារគ្នាទៅវិញទៅមកដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលជាដើម៕
សម្រួលអត្ថបទ៖ សុផារិន្ទ