កម្ពុជាឆ្លើយតបសំណួរជាង៣០០របស់សមាជិកអង្គការ Word trande organisation (WTO) នៅទីក្រុងហ្សឺណែវ

ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ នៅឯទីស្នាក់ការធំរបស់អង្គការពាណិជ្ជកម្មពិភពលោក Word trande organisation (WTO) ប្រចាំនៅទីក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចាប់ផ្តើមអញ្ជើញ រាយការណ៍ជូនបណ្តាប្រទេសជាសមាជិក ពីរបាយការណ៍ស្តីពី «ការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣»។
កិច្ចប្រជុំ ដែលមានរយៈពេល៣ថ្ងៃ (ថ្ងៃទី២៦-២៨ ខែមីនា) គឺប្រទេសកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មត្រូវឆ្លើយតបជាង៣០០សំណួរ ទាំងនៅមុន និងក្នុងអំឡុងពេលនៃកិច្ចប្រជុំ ពីសំណាក់សមាជិក WTO ប្រមាណ២០ប្រទេស ពាក់ព័ន្ធនឹងច្បាប់ ឱកាស និងបរិការណ៍ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
សូមបញ្ជាក់ថានៅចំពោះមុខអង្គប្រជុំ នាព្រឹកដំបូងលោកជំទាវ ចម និម្មល បានឆ្លើយតប នៅក្នុងរបាយការណ៍ទាំងសំណេរ និងផ្ទាល់មាត់ប្រកបដោយភាពស្វាហាប់ ប៉ុនប្រសប់ ពោរពេញដោយសមត្ថភាព និងការជឿជាក់ ដោយបង្ហាញពីទិដ្ឋភាពច្បាប់ និងតថភាពជាក់ស្តែងក្នុងការការពារ និងការលើកទឹកចិត្តសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ព្រោះថា កម្ពុជាមានច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សមស្របទៅតាមគោលការណ៍ និងនិយាម ឬស្ដង់ដា របស់អង្គការ WTO ហើយមានភាពបត់បែនទៅនឹងនិន្នាការសកល ស្របតាមទីផ្សារអន្តរជាតិ ប្រកបដោយការទទួលខុសត្រូវ និងមាននរន្តភាព។
សូមរម្លឹកថា នៅឆ្នាំ២០០៤ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនាពេលនោះ បានចូលជាសមាជិកអង្គការ WTO ហើយមកដល់ពេលបច្ចុប្បន្ន សមាជិកអង្គការនេះមានរហូតដល់១៦៦ប្រទេស។
ក្នុងបេសកកម្មនៃការរាយការណ៍លើកទី៣របស់កម្ពុជា ដែលមានរយៈពេល៧ឆ្នាំម្តង នៅទីក្រុងហ្សឺណែវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដោយតំណាងឱ្យប្រទេសកម្ពុជា ក៏បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ដើម្បីចូលរួមកិច្ចប្រជុំ «ពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្ម (Trade Policy Review)» របស់រដ្ឋជាសមាជិកនៃអង្គការ WTO នេះផងដែរ។
ទន្ទឹមនឹងនេះ កិច្ចសហការទ្វេភាគីរវាងប្រទេសនិងប្រទេស ក៏អាចជួយសម្រួលការធ្វើពាណិជ្ជ និងវិនិយោគផងដែរ។ ដោយហេតុនេះហើយ ទើបរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំបង្កើនកិច្ចសហប្រតិបត្តិការណ៍ក្នុងក្របខ័ណ្ឌទ្វេភាគីផង និងពហុភាគីផង ទាំងនៅក្នុងតំបន់ និងពិភពលោក លើការងារពាណិជ្ជកម្ម, វិនិយោគ និងវិស័យផ្សេងទៀត ដើម្បីប្រយោជន៍ជាតិ និងប្រជាជន៕