ដើមឆ្នាំ២០២៥នេះកូរ៉េខាងត្បូងជួបទុក្ខផ្ទួនៗ! ព្រោះពេលនេះភ្លើងឆេះព្រៃកំពុង រាលដាលយ៉ាងលឿននិងបន្តសម្លាប់មនុស្ស២៦នាក់ និង៣៧០០០នាក់ត្រូវបង្ខំចិត្ត ជម្លៀសចេញ

កម្មករកូរ៉េខាងត្បូងបានសម្រុកកាប់ដើមឈើ និងដាក់របាំងការពារជុំវិញប្រាសាទមួយក្នុងទីក្រុង Andong របស់កូរ៉េខាងត្បូង ដែលជាតំបន់រងគ្រោះខ្លាំងបំផុតពីភ្លើងឆាបឆេះព្រៃ ដែលនៅតែបន្តពាសពេញតំបន់ភាគខាងត្បូងនៃប្រទេសនេះ។ ក្រុមមន្ត្រីបាននិយាយថាភ្លើងឆេះព្រៃជាច្រើនកន្លែងបានបន្តបានឆាបឆេះនៅទូទាំងតំបន់ភាគខាងត្បូងអស់រយៈពេលជាច្រើនថ្ងៃមកហើយ ធ្វើឲ្យមនុស្សស្លាប់កើនឡើងដល់២៦នាក់និងបង្ខំឱ្យមនុស្សយ៉ាងជាង៣៧០០០នាក់ផ្សេងទៀតត្រូវភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ហើយភ្លើងបានបំផ្លាញសំណង់អាគារជាង៣០០កន្លែងដែរ។ មកដល់ពេលនេះរដ្ឋាភិបាលកូរ៉េបានចល័តមនុស្សរាប់ពាន់នាក់ ឧទ្ធម្ភាគចក្ររាប់សិបគ្រឿង និងឧបករណ៍ផ្សេងទៀត ដើម្បីពន្លត់ភ្លើង ប៉ុន្តែក្រុមមន្ត្រីបាននិយាយថាវាមិនងាយធ្វើបានភ្លាមនោះទេដោយសារតែតំបន់នោះមានខ្យល់បក់បោកខ្លាំងនិងកំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងពន្លត់របស់ពួកគេដែរ។ តំបន់ដែលរងគ្រោះខ្លាំងជាងគេរួមមានទីក្រុង Andong និងស្រុកជិតខាងនៃ Uiseong និង Sancheong និងទីក្រុង Ulsan ។ នៅ Andong កម្មករបានបង្ខំចិត្តកាប់ដើមឈើដែលដែលមានអាយុកាលរាប់រយឆ្នាំដើម្បីការពារប្រាសាទបុរាណ និងចំណាស់បំផុត Bongjeongsa របស់ពួកគេពីការរាលដាលនៃភ្លើងឆេះព្រៃ។ ព្រះតេជគុណ Heeju ដែលស្ថិតនៅប្រាសាទ Bongjeongsa នេះបានបញ្ជាក់ថាដើមឈើទាំងនោះបានដុះជាប់នៅប្រាសាទ Bongjeongsa ជាង២០០ឆ្នាំមកហើយ ដូច្នេះវាជារឿងអកុសលណាស់ដែលពួកគេត្រូវបានកាប់បំផ្លាញវាចោល ដោយសារតែកាលៈទេសៈបង្ខំនិងការពារប្រាសាទផង ។ អ្នកសង្កេតការណ៍និយាយថាស្ថានភាពពេលនេះគឺជារឿងដ៏អាក្រក់បំផុតមួយក្នុងប្រទេសកូរ៉េខាងត្បូង។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ មជ្ឈមណ្ឌលសង្រ្គោះបានជូនដំណឹងមកថាអាជ្ញាធរកំពុងចល័តមនុស្សជាង៩០០០នាក់ និងឧទ្ធម្ភាគចក្របន្ថែមជាង ១២០គ្រឿង ដើម្បីប្រយុទ្ធនឹងកម្លាំងភ្លើងឆេះព្រៃផង និង ទប់ទល់នឹងខ្យល់បោកបក់ខ្លាំងផង។ ក្រុមមន្ត្រីបាននិយាយនៅដើមសប្តាហ៍នេះថាក្រុមអ្នកពន្លត់អគ្គីភ័យបានពន្លត់ភ្លើងភាគច្រើនចេញពីភ្លើងឆេះព្រៃដ៏ធំបំផុតនៅក្នុងតំបន់សំខាន់ៗ ប៉ុន្តែលក្ខខណ្ឌខ្យល់ស្ងួត ជាកត្តាជម្រុញភ្លើងរាលដាលបន្ថែម៕
សម្រួលអត្ថបទ៖ សុផារិន្ទ