ប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

នៅព្រឹកថ្ងៃទី២៩ ខែមីនានេះ គណៈប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយ ឯកឧត្តម កែវ រេមី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវជាបងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។
ក្នុងបរិយាកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តនេះ ឯកឧត្តម និងគណៈប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមរំលែកមរណទុក្ខដោយក្តីសោក ស្តាយស្រណោះអាឡោះអាល័យនិងសោកសង្រេងជាទីបំផុតជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនូវបង ប្រុសធំ បងថ្លៃ បិតា បិតាក្មេក និងជីតាជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្ត សណ្ដោសប្រណីដ៏ថ្លៃថ្លាបំផុត ដែលក្នុងមួយជីវិតរបស់លោកបានតស៊ូលះបង់មិនខ្លាចនឿយហត់ ពុះពារចិញ្ចឹម បីបាច់ថែរក្សា និងផ្គត់ផ្គង់ទំនុកបម្រុងដល់ក្រុមគ្រួសារ។
មរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេតី វិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់ឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា និងស្មារតី ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ។ គុណបំណាច់ ដ៏ធំធេងនេះ យើងខ្ញុំនឹងចងចាំទុកក្នុងជម្រៅនៃដួងចិត្តយើងខ្ញុំទាំងអស់គ្នា។
ក្នុងវេលាដ៏សែនរន្ធត់ក្រៀមក្រំនេះ ឯកឧត្តម និងគណៈប្រតិភូ បានលើកដៃឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណ ក្ខន្ធរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ សូមឆាប់បានចាប់បដិសន្ធិនៅទីឋានបរមសុខក្នុង សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕