គណៈកម្មការទី៩ នៃរដ្ឋសភា ចុះបេសកកម្មការងារឈ្វេងយល់លើវិស័យទទួលខុសត្រូវរបស់ខ្លួន នៅខេត្តបន្ទាយមានជ័យដើម្បីរួមសហការគ្នាជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

លោកជំទាវ និន សាផុន បានមានប្រសាសន៍ថា ការចុះបំពេញបេសកកម្មនៅមូលដ្ឋានខេត្តបន្ទាយមានជ័យ នាពេលនេះ មិនមែនជាការចុះមកត្រួតពិនិត្យ ឬធ្វើអធិការកិច្ចទេគឺដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាន រួមនិងបញ្ហាប្រឈមនានាក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) បានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយ មានជ័យ ដឹកនាំដោយ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ជាច្រើនរូប នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។
លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានជម្រាបជូនកិច្ចប្រជុំថា ការចុះបំពេញបេសកកម្មនៅមូលដ្ឋានខេត្តបន្ទាយមានជ័យ នាពេលនេះ គឺដើម្បីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៩ ក្នុងគោលបំណងឈ្វេងយល់ពីកិច្ចការមួយចំនួន និងលទ្ធផលការងារសំខាន់ៗរបស់រដ្ឋបាលខេត្តដែលសម្រេចបាន ជាពិសេសប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត និងជាធរមាន ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់មន្ទីរជំនាញនីមួយៗ ព្រមទាំងការលំបាក និងបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់។
លោកជំទាវប្រធានគណៈកម្មការ បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំនេះមិនមែនជាការចុះមកត្រួតពិនិត្យ ឬអធិការកិច្ច ដើម្បីសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញនោះទេ គោលបំណងសំខាន់គឺឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានាក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ជាការឆ្លើយតប ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូន គណៈកម្មការទី៩ នៃរដ្ឋសភា អំពីស្ថានភាពទូទៅ និងសភាពការណ៍ក្នុងខេត្ត ពិសេសគឺបានជម្រាបជូនពី ការងារដែលទាក់ទងនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ដូចជា សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ព្រមទាំងសភាពាណិជ្ជកម្ម។
នៅក្នុងឱកាសនេះ លោកជំទាវប្រធាន ក៏បានធ្វើការកោតសរ សើរពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តលើការងារអភិវឌ្ឍន៍ខេត្ត ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានោះ លោកជំទាវក៏បានលើកនូវបទពិសោធន៍ និងអនុសា សន៍ល្អៗមួយចំនួន ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិយកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។ ជាមួយគ្នានោះដែរ លោកជំទាវប្រធាន ក៏បានជំរុញឱ្យអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំធ្វើការផ្សព្វផ្សាយអប់រំលើវិស័យរបស់ខ្លួនជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយបន្ថែមទៀត។
លោកជំទាវប្រធាន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ដោយរួមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានសហការ សាមគ្គីរួមគ្នា បានយ៉ាងល្អ ខិតខំយកអស់កម្លាំងកាយចិត្ត បំពេញការងារ និងតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត។ ចំពោះសំណូមពរ និងបញ្ហាប្រឈមនានា ដែលមន្ទីរជំនាញបានលើកឡើង គណៈកម្មការទី៩ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍គោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ទៅក្រសួងពាក់ព័ន្ធ។
មុននឹងបញ្ចប់ គណៈកម្មការទី៩ នៃរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក៏បានប្រគល់-ទទួលវត្ថុអនុស្សាវរីយ៍ ទៅវិញទៅមក និងបានថតរូបជុំគ្នាប្រកបដោយបរិយាកាសរីករាយក្រៃលែង៕