ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំតាមដាន និងវាយតម្លៃស្ថានការណ៍ពលករខ្មែរដែលរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនៅទីក្រុងបាងកក ប្រទេសថៃ

នាព្រឹកថ្ងៃសៅរ៍ ទី ២៩ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រជុំក្រុមការងារ ដើម្បីតាមដាន និងវាយតម្លៃស្ថានការណ៍ពលករខ្មែរដែលរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនៅទីក្រុងបាងកក ប្រទេសថៃ។

ការរញ្ជួយដីនេះបានបណ្ដាលឱ្យមានការខូចខាតដល់អាគារជាច្រើន និងបង្កការភ័យខ្លាចដល់ប្រជាជនក្នុងតំបន់។ ក្នុងចំណោមអ្នករងគ្រោះ មានបងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅទីនោះផងដែរ។ ដើម្បីសម្រេចការជួយសង្គ្រោះ និងផ្តល់ការគាំពារដល់ពលករខ្មែរឱ្យបានទាន់ពេលវេលា ក្រសួងបានបង្កើតក្រុមការងារត្រៀមអន្តរាគមន៍ដោយសហការជាមួយអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។

ការទំនាក់ទំនងសម្រាប់ការជួយសង្គ្រោះ

បងប្អូនពលករខ្មែរដែលមានព័ត៌មាន ឬកំពុងប្រឈមបញ្ហាអាចទាក់ទងមន្រ្តីទំនាក់ទំនង៖

 • លោក ឈឹម វិបុល (ទូរសព្ទលេខ ០៨៣ ៥៤៥ ៧៧៨៨)

 • កញ្ញា ឡាយ ចន្ថា (ទូរសព្ទលេខ ០៩២ ២៩៩ ០១៣)

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវដល់បងប្អូនពលករខ្មែរឱ្យបន្តជួយផ្តល់ព័ត៌មាន និងប្រយ័ត្នប្រយែងក្នុងការរស់នៅរហូតដល់ស្ថានភាពធូរស្រាល។