ឯកឧត្តម លី ច័ន្ទតុលា ដឹកនាំប្រតិភូគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នាព្រឹកថ្ងៃទី២៩មីនា នៅទីតម្កល់ធ្វើបុណ្យទក្ខិណានុបទានតាមប្រពៃណី នៅផ្ទះលេខ១៧ ផ្លូវ៣៣៥ ភូមិ២ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

គណៈប្រតិភូអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានបង្ហាញនូវសេចក្តីទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ប្រកបដោយសេចក្តីសោកសង្វេគក្ដុកក្ដួល រន្ធត់ចិត្តឥតឧបមា និងបានចាត់ទុកមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមន្ត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវជាបងប្រុសបង្កើត និងបងថ្លៃរបស់ សម្តេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គឹជាការបាត់បង់ដ៏ធំធេងនូវបងប្រុស បងថ្លៃ ឪពុកបង្កើត ឪពុកក្មេក ជីតា និងជីតាទួត ជាទីគោរពស្រឡាញ់បំផុតមិនអាចកាត់ថ្លៃបានរបស់ក្រុមគ្រួសារ ព្រមទាំងបងប្អូន កូនក្មួយ និងជាអ្នកមានគុណមួយរូប ដែលបានផ្ដល់នូវភាពកក់ក្ដៅក្នុងក្រុមគ្រួសារប្រកបទៅដោយព្រហ្មវិហារធម៌ មានគុណូបការៈ ដ៏ជ្រាលជ្រៅនិងជាទីគោរព ដែលបានបូជានូវកម្លាំងកាយ កម្លាំងចិត្ត នៅក្នុងការបីបាច់ថែរក្សាការពារ អប់រំទូន្មាន បុត្រា បុត្រី ចៅៗ និងក្មួយៗ ឱ្យក្លាយទៅជាមូលធនមនុស្ស ដើម្បីចូលរួមគ្រប់សកម្មភាពនៃការអភិវឌ្ឍសង្គម និងបុព្វហេតុ សុខសន្តិភាព ជូនជាតិមាតុភូមិ។ គំរូវីរភាពដ៏ថ្លៃថ្លារបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ និងត្រូវកុលបុត្រខ្មែរ គ្រប់ជំនាន់ចង់ចាំជា រៀងរហូត។

ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំមួយនេះ គណៈប្រតិភូអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានលើកហត្ថឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ ឧត្ដមរមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕