ឯកឧត្តម ថោ ជេដ្ឋា បញ្ជាក់ថា បច្ចុប្បន្នកម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ និងបានណែនាំឱ្យរៀបចំ មន្រ្តីជំនាញ និងឧបករណ៍វាស់ស្ទង់ និង ជូនព័ត៌មានអំពីគ្រោះរញ្ជួយដីដែលអាចកើតមានឡើង ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព

ក្នុងឱកាស ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសឧតុនិយម ដើម្បីពង្រឹងការរៀបចំយន្តការ និងដាក់ចេញនូវយុទ្ធសាស្ត្រ នានា ក្នុងការព្យាករគ្រោះមហន្តរាយធម្មជាតិដែលអាចកើតមានឡើង ជាពិសេសគ្រោះរញ្ជួយដីដែលបានកើតឡើងថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី ២៩ ខែ មីនា

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួង ធនធានទឹក និង ឧតុនិយម បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ន ប្រទេសកម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ និងបានណែនាំដល់ក្រុមការងារឧតុនិយម ត្រូវពង្រឹងការងារ អង្កេតតាមដាន ភូគព្ភសាស្ត្រ ជាពិសេសត្រូវ រៀបចំយន្តការ ផែនការយុទ្ធសាស្រ្ត និងរួប រួមសហការគ្នាបំពេញភារកិច្ច ដោយរៀបចំ មន្រ្តីជំនាញផ្នែកឧតុនិយម មន្រ្តីជំនាញខាងរញ្ជួយផែនដី និងឧបករណ៍វាស់ស្ទង់ និង ជូនព័ត៌មានអំពីគ្រោះរញ្ជួយដីដែលអាចកើតមានឡើង ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព។

សូមជម្រាបថា កាលពីវេលាម៉ោង ១៣និង២០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ មានបាតុភូតរញ្ជួយដីកើតឡើង ស្ថិត នៅចម្ងា យ ១៦គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុងសាហ្គាំង (Sagaing) ក្នុងប្រទេស មីយ៉ាន់ម៉ា។ ការរញ្ជួយនេះ បានកើតឡើងនៅក្នុងស្រទាប់ស្នូលផែនដី ជម្រៅប្រមាណ ១០គីឡូម៉ែត្រ និងមានឥទ្ធិពលមកស្រទាប់ខាងលើនៃផែនដីក្នុងកម្រិតរញ្ជួយ ៧,៧ រិចទ័រ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រទេសមួយចំនួនរួមមាន៖ ប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស ឥណ្ឌា ឡាវ ថៃ វៀតណាម និងប្រទេសចិន។ ដោយឡែក ប្រទេសកម្ពុជា ក៏ទទួលរងនូវឥទ្ធិពលនេះផងដែរ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ៕