ការយកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរ៖ ឯកឧត្តម ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី ចូលរួមពិធីបុណ្យសព ពលករខ្មែរ មាស សាវ៉ាងដែលបានទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ

នាព្រឹកថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។
នៅក្នុងពិធីបុណ្យសព ដែលរៀបចំធ្វើនៅផ្ទះក្រុមគ្រួសារនៃសព ស្ថិតនៅក្នុងភូមិ បាល័ង្គ ឃុំ តាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឯកឧត្តម ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី បានសម្តែងនូវសមានទុក្ខក្តុកក្តួល និងសេចក្តីសោកស្តាយជាទីបំផុត ព្រមទាំងចូលរួមមរណទុក្ខជូនចំពោះក្រុមគ្រួសាររងគ្រោះ។
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការមានសេចក្តីបារម្ភយ៉ាងខ្លាំងចំពោះជីវិត និងសុវត្ថិភាពរបស់ពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហេង សួរ ក៏បាននាំយកបច្ច័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារនៃសព រួមទាំងថវិការបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ២០លានរៀល, ថវិការបស់ឯកឧត្តម អ៊ុំ រាត្រី ចំនួន ២លានរៀល, ថវិការបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) ចំនួន ១៥លានរៀល, ថវិការបស់សមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) ១៥លានរៀល ផងដែរ។
សូមជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធ បានសម្របសម្រួលការទៅទទួលសពមកប្រទេសកម្ពុជា ដើម្បីធ្វើបុណ្យតាមប្រពៃណីសាសនា និងកំពុងធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីផ្ដល់សំណងធានារ៉ាប់រង។
ឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំពាក់ព័ន្ធ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសិទ្ធិ និងសុវត្ថិភាពរបស់ពលករខ្មែរ ដែលកំពុងប្រតិបត្តិការនៅក្រៅប្រទេស។