ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICAផ្តល់អាហារូបត្ថម្ភដល់កុមារសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិក្នុងគម្រោងរយៈពេល៣ឆ្នាំ

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េដែលហៅកាត់ថាកយកា -KOICA បានសហការជាមួយមន្ទីរពេទ្យកុមារជាតិផ្តល់អាហារូបត្ថម្ភ កន្លែងក្មេងលេង បង្កើតបណ្ណាល័យនិងអប់រំដល់មាតាបិតាកុមារឱ្យយល់ដឹងពីរបៀបចិញ្ចឹមបីបាច់កូនឱ្យបានល្អដើម្បីចូលរួមលើកកម្ពស់សុខភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរនិងចៀសផុតពីជំងឺផ្សេងៗពិសេសជំងឺមិនឆ្លងដែលកំពុងក្លាយជាបញ្ហាសុខភាពដ៏ចម្បងនៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងកម្មវិធីផ្តល់អាហារូបត្ថម្ភដល់កុមារសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិជាគម្រោងអង្គការ KOICAនៅព្រឹកថ្ងៃទី១មេសា ឆ្នាំ២០២៥នេះ ឯកឧត្តម វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានមានប្រសាសន៍ថាគម្រោងនេះមានរយៈពេល៣ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០២៥ដល់ឆ្នាំ២០២៧ខាងមុខដោយផ្តោតទៅលើសកម្មភាពមួយចំនួនដូចជាការផ្តល់អាហារូបត្ថម្ភដល់កុមារទូទៅដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យទៅតាមអាយុនិងសុខភាពដោយក្នុង១ថ្ងៃផ្តល់អាហារ៣ពេលដោយឥតគិតថ្លៃដើម្បីបំប៉នសុខភាពឱ្យបានល្អ ឆាប់ជាសះស្បើយ។

ព្រោះថាអាហារូបត្ថម្ភនេះមានសារសំខាន់ណាស់សម្រាប់កុមារតូចៗដែលត្រូវការលូតលាស់ពិសេសកុមារអាយុក្រោម៥ឆ្នាំ។ ឯកឧត្តមវេជ្ជបណ្ឌិតបានបន្តថាក្រៅពីនេះមានបន្ទប់ប្រឹក្សាយោបល់សម្រាប់ពិគ្រោះជាមួយមាតាបិតាកុមារដើម្បីណែនាំឱ្យពួកគាត់ចេះពីរបៀបចិញ្ចឹមកូនឱ្យមានសុខភាពល្អខណៈបច្ចុប្បន្ននេះបញ្ហាជំងឺមិនឆ្លងកំពុងក្លាយជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងសម្រាប់ប្រទេសកម្ពុជាខណៈពីមុនយកចិត្តទុក្ខដាក់តែទៅលើបញ្ហាកង្វះអាហារូបត្ថម្ភដោយសារក្មេងស្គមស្គាំង ស្លេកស្លាំង ក្រិន មិនគ្រប់គីឡូប៉ុន្តែឥឡូវលើសអាហារទៅវិញធ្វើឱ្យក្មេងធាត់ពេកក៏ជាបញ្ហាដែរ។

ឯកឧត្តមវេជ្ជបណ្ឌិតបានបន្ថែមថា ការចិញ្ចឹមបីបាច់កុមារឱ្យបានល្អធ្វើឱ្យក្មេងមានសុខភាពល្អមានបញ្ញាឆ្លាតវៃនិងក្លាយជាធនធានមួយដ៏ល្អមួយទៅថ្ងៃអនាគត។

ឯកឧត្តមវេជ្ជបណ្ឌិតបានបញ្ជាក់ថាលើសពីនេះទៀតយើងក៏គិតគូរពីបញ្ហាផ្លូវចិត្តនិងអារម្មណ៍របស់កុមារផងដែរក្នុងនោះយើងបានរៀបចំបង្កើតជាកន្លែងលេង បណ្ណាល័យកុមារចល័តដែលអាចឱ្យកុមារគូររូបនិងមើលសៀវភៅនិទានផ្សេងៗដើម្បីឱ្យពួកគេមានអារម្មណ៍ស្រស់ស្រាយនិងសប្បាយចិត្តនិងចាត់ទុកមន្ទីរពេទ្យដូចជានៅផ្ទះឬនៅសាលារៀនដែរព្រោះថាការព្យាបាលជំងឺមិនមែនប្រើតែថ្នាំពេទ្យតែមួយមុខនោះទេគឺយើងត្រូវផ្តល់អាហារដែលមានជីវជាតិគ្រប់គ្រាន់និងបញ្ហាផ្លូវចិត្តនិងអារម្មណ៍របស់កុមារផងដែរ។ ឯកឧត្តម ប្រធានមន្ទីរពេទ្យបានឲ្យដឹងទៀតថា ក្រោយពីគម្រោង៣ឆ្នាំរបស់KOICAនេះត្រូវបានបញ្ចប់ ឯកឧត្តមនិងធ្វើការស្នើសុំគម្រោងនេះបន្តបន្ថែមទៀត។ ឬមួយទៀត មន្ទីរពេទ្យយើងអាចធ្វើបន្តបាន ដោយខ្លួនឯង៕