ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និមន្តព្រះសង្ឃសូត្រមន្ត លើករាសី ត្រៀមទទួលអំណរសាទរ ទេវតាឆ្នាំថ្មីឆ្នាំ ២០២៥នាពេលខាងមុខ

ក្នុងឱកាសត្រៀមទទួលអំណរសាទរ ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ដែលនឹងយាងមកឃុំគ្រងទឹកដីព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិនិងលោកជំទាវ រួមជាមួយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន បាននិមន្តព្រះសង្ឃសូត្រមន្ត ប្រោសព្រំជ័យមង្គល វិបុលសុខ លើករាសី នៅព្រឹកថ្ងៃទី ៣ខែមេសាឆ្នាំ ២០២៥ដើម្បីទទួលពរជ័យ និងជ័យជំនះគ្រប់ប្រការ ក្នុងការបន្តដឹកនាំ និងរួមគ្នាបំពេញកិច្ចការងារផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីកំសាន្តដ៏ទៃផ្សេងទៀតជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរបន្ថែមទៀត ។

ក្នុងឱកាសនេះដែរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ ទសបារមី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតា ឆ្នាំថ្មីឆ្នាំម្សាញ់ ព្រះនាម គោរាគទេវី សូមប្រោសប្រទានពរជ័យ និងប្រោស ព្រំ ថែរក្សា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងបុត្រសូមមានសុខភាពល្អ បរិបូរណ៍ កាយពលមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា ប្រកបដោយពុទ្ធពរ បួនប្រការ គឺ អាយុ វណ្ណៈ សុ ខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ។

ជាមួយនេះសូមអោយ ឯកឧត្តម រដ្ឋមន្រ្តី បន្តដឹកនាំស្ថាប័ន ក្រសួងព័ត៌មាន ដើម្បីធ្វើវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា កាន់តែរីកចំរើនបន្ថែមទៀត ជាពិសេសសូមអោយបេសកកម្មការងាររបស់ ឯកឧត្តម រដ្ឋមន្រ្តី ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមក្នុងដំណើរការស្ថារ និងអភិវឌ្ឍប្រទេសជាតិកាន់តែរីកចំរើន រឹងមាំទ្វេរថែមទៀត ។

ជាមួយពិធីដ៏សិរីមង្គលដ៏ប្រសើរថ្លៃថ្លា នៃការត្រៀមទទួលអំណរសាទរនេះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន ក៏សូមបួងសួងដល់ទេវតាឆ្នាំថ្មី ដែលនឹងមកគ្រប់គ្រងភពផែនដែនយើងនេះ សូមជួយតាមថែរក្សា ការពារ ផ្តល់ពរជ័យ ដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកត្រើយសុខសន្តិភាព និងការអភិវឌ្ឍខ្ពស់ ប្រជាពលរដ្ឋរស់ក្នុងសុខសន្តិភាព និងភាពសប្បូរសប្បាយជារៀងរហូត ។

ជាការគត់សម្គាល់ដែរថា ក្នុងរយៈពេលជាបន្តបន្ទាប់មកនេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃឹម វុទ្ធ បានរួមសហការសាមគ្គីគ្នា ប្រឹងប្រែងបំពេញបេសកកម្មការងារទាំងក្នុងនិងក្រៅប្រទេស យ៉ាងសកម្មរហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺដើម្បីចូលរួមចំណែកក្នុងផែនការ និងសកម្មភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើយ៉ាងណាផ្សព្វផ្សាយដំណឹង និងព័ត៌មាន ទាន់ហេតុការណ៍ សំខាន់ៗដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងពិភពលោក ។

តាមរយៈព្រះសង្ឃជាស្រែបុណ្យ ថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក៏សូមឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា គ្រូឧប្បជាយាចារ្យ និងញាត្តិការទាំង៧សណ្តាន ដែលបានបែកបាក់ចែកឋាន ជាពិសេសឧទ្ទិសជូន មន្ត្រីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាដែលបានចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមមកទទួលនូវមនុញ្ញផល និងបានសោយសុខនៅក្នុងឋានសុគតិភព កុំបីអាក់ខានឡើយ៕