ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន បានរៀបចំពិធីអភិសេករូបសំណាក “ ព្រះបាទជ័យវរ្ម័នទី ៧ “ នៅបរិវេណសួនច្បារនៃទីស្តីការក្រសួងព័ត៌មាន គឺសម្រាប់ទុកបន្សល់ជាកេរតំណែល និងត្រូវថែរក្សាទុកសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត,

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន បាន រៀបចំពិធីអភិសេករូបសំណាក ”ព្រះបាទជ័យវរ្ម័នទី ៧ “ នៅបរិវេណសួនច្បារនៃទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ។
តាមការបញ្ជាក់នៅលើទំព័រ Facebook ផ្ទាល់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងថា រូបបដិមាព្រះបាទជ័យវរ្ម័នទី៧ ត្រូវបញ្ចប់ការ សាងសង់និងនាំមកតម្កល់សម្រាប់គោរពបូជានៅក្នុងបរិវេណសួនច្បារនៃទីស្តីការក្រសួងព័ត៌មាន។
រូបបដិមាព្រះបាទជ័យវរ្ម័នទី៧ ជាស្នាដៃជាងចម្លាក់ខេត្តកំពង់ធំរយៈពេល ៣ខែ ហើយឯកឧត្តម រដ្ឋមន្ត្រី បានតាមពិនិត្យមើលរហូតដល់វិនាទីចុងក្រោយដើម្បីឱ្យទម្រង់រូបបដិមាប្រហាក់ប្រហែលឬស្រដៀងនឹងរូបបដិមាព្រះបាទជ័យវរ្ម័នតម្កល់នៅសារៈមន្ទីរជាតិ និងថ្មភក់នេះយកមកពីខេត្តព្រះវិហារដូចទៅ នឹងថ្មដែលបានប្រើប្រាស់ក្នុងការកសាងប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរ។ សមិទ្ធផលថ្មីនៅលើទីតាំងបិរវេនក្រសួងព័ត៌មាន គឺសម្រាប់ទុកបន្សល់ជាកេរតំណែល និងត្រូវថែរក្សាទុកសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត៕