ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញពិនិត្យមើលកន្លែងប្រមូលទិញចន្ទីខេត្តកំពង់ចាម និងទីលានហាលចន្ទីដ៏ធំមួយនៅស្រុកសន្ទុក ខេត្តកំពង់ធំ

កំពង់ចាម-កំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ ព្រមទាំងសហការីបានអញ្ជើញពិនិត្យ មើលការប្រមូលទិញស្វាយចន្ទីនៅឃ្លាំងចំនួន២កន្លែងស្ថិតនៅ ស្រុកព្រៃឈរខេត្តកំពង់ចាម និងទីលានហាលគ្រាប់ស្វាយចន្ទីដ៏ធំមួយកន្លែងទៀត ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានសមត្ថភាពស្តុកសរុបទម្ងន់ ៦០០០តោន។
តាមរយៈការអញ្ជើញពិនិត្យមើលរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច នៅឃ្លាំងប្រមូលទិញស្វាយចន្ទីខាងលើគឺទី១ ឃ្លាំង ៩៩៩ ឈ្មោះ ងួន វណ្ណៈ និងអាងឡៃអ៉ឹម ប្រមូលទិញចន្លោះ ៥០០ទៅ៦០០តោន ហើយឃ្លាំងមួយកន្លែងទៀតស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបច្ចុប្បន្ន កំពុងប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ ក្នុង១ថ្ងៃ ៥០០ តោន តម្លៃ ៥១០០រៀលទៅ ៥៣០០រៀល ក្នុង១គីឡូក្រាម។
បន្ទាប់ពីបានអញ្ជើញពិនិត្យមើលទីតាំងទាំង២ខាងលើរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានណែនាំដល់ម្ចាស់ទីលានហាលខាងលើឲ្យពិចារណាទិញប័ណ្ណធានារ៉ាប់រងអគ្គីភ័យ ដើម្បីការពារហានិភ័យដែលអាចកើតឡើង ដោយយថាហេតុ ដូចជាករណីអគ្គិភ័យជាដើម។
សូមជម្រាបជូនថា កាលពីឆ្នាំ២០២៤ ទីលានហាលចន្ទីខាងលើស្ថិតក្នុងស្រុកសន្ទុកខេត្តកំពង់ធំនេះបានទិញចន្ទីយកមកហាល និងស្តុកទុកប្រមាណ ២០០០តោន សម្រាប់នាំចេញចន្ទីស្ងួតទៅប្រទេសចិន វៀតណាម និងប្រទេសឥណ្ឌាផងដែរ៕