សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព អតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

រសៀលថ្ងៃសៅរ៍ ទី៥ មេសា ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន (Khamtay Siphandone) អតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ក្នុងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចធិបតី សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) និងសមាជិកគ្រួសារទាំងអស់ ព្រមទាំងបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋាភិបាល និងប្រជាជនឡាវ ចំពោះការបាត់បង់រដ្ឋបុរសដ៏ឆ្នើម ដែលបានលះបង់ពេញមួយជីវិត ដើម្បីឯករាជ្យភាព វឌ្ឍនភាព និងសេចក្តីសុខរបស់ប្រជាជនឡាវ។ កម្ពុជាបានបាត់បង់មិត្តម្នាក់ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការកសាងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជាតិយើងទាំងពីរ កម្ពុជា និងឡាវ ។

សម្តេចធិបតី សូមឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន (Khamtay Siphandone) បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។