ព្រឹត្តិការណ៍កីឡាចំបាប់យុវជន ឆ្នាំ២០២៥ ក្លឹបព្រះធាតុខេត្តពោធិ៍សាត់ ឈ្នះមេដាយមាស ច្រើនជាងគេ

ក្លឹបកីឡាចំបាប់ ព្រះធាតុខេត្តពោធិ៍សាត់ ដណ្ដើមបានមេដាយមាសច្រើនជាងគេ ក្នុងព្រឹត្តិការណ៍កីឡាចំបាប់យុវជន ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅ កាលពីថ្ងៃអាទិត្យ ទី០៦ ខែមេសា នេះនៅ ពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។

កីឡាករ កីឡាការិនី មកពីក្លឹបមានមូលដ្ឋាននៅ ខេត្តពោធិ៍សាត់ ដណ្ដើមបានមេដាយមាស ៣គ្រឿង ដែលមានវិញ្ញាសា ៨ឆ្នាំ ដល់ ១០ឆ្នាំ ទម្ងន់-៣០គីឡូក្រាម មានវិញ្ញាសា ៨ឆ្នាំ ដល់ ១០ឆ្នាំទម្ងន់សេរីបុរស និងវិញ្ញាសា ១០ឆ្នាំ ដល់ ១២ឆ្នាំ ទម្ងន់-៤០គីឡូក្រាម។ ក្លឹបដដែលនេះក៏ទទួលបានមេដាយសំរឹទ្ធមួយគ្រឿងទៀតដែរ ដែលសរុបមេដាយទទួលបានគឺ ៤គ្រឿង។

ក្លឹប Kiri Jiu-Jitsu Wrestling ឈរលេខ២ ឈ្នះមេដាយមាស២គ្រឿង ប្រាក់២គ្រឿង សរុប៤គ្រឿង។ ក្លឹប CamED Wrestling ឈរលេខ៣ មានមេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ២គ្រឿង សរុប៥គ្រឿង។ ចំណែកក្លឹបផ្សេងៗទៀតដែលឈ្នះ មេដាយមាសបានមួយគ្រឿងៗដែរ មានដូចជា ចំបាប់ឃ្លាំងមឿងខេត្តពោធិ៍សាត់, Judo Club, ចំបាប់បារមីមេទ័ពម៉ឺនឯកវិហាសួគ៌, ចំបាប់យាយព្រីងមានរិទ្ធិ និង Project Aokas-Wrestling។

សូមបញ្ជាក់ថា ការប្រកួតកីឡាចំបាប់យុវជនឆ្នាំ២០២៥ មាន សមាគម ក្លឹប ចំនួន ១៧ និងកីឡាករ កីឡាការិនី សរុប ១៧៨នាក់ ប្រកួតប្រជែងលើ ១១ វិញ្ញាសា៕