សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកសារលិខិតនិងកន្ត្រកផ្កាស្រស់ល្អ គោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកសារលិខិតនិងកន្ត្រកផ្កាស្រស់ល្អ គោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា 

នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា  បានដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា នាំយកសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយកន្ត្រកផ្កាស្រស់ល្អ គោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន លោកជំទាវអគ្គលេធិការ បានមានប្រសាសន៍លើកឡើងពីគុណបំណាច់ដ៏ឧត្តុង្គឧត្តម របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងបុព្វហេតុជាតិមាតុភូមិ ដែលសម្ដេចបានចូលរួមចំណែកក្នុងស្ដារ កសាង និងអភិវឌ្ឍប្រទេសជាតិ។ សម្តេចរដ្ឋសភាធិបតី ក៏បានចូលរួមចំណែកយ៉ាងធំធេងជាមួយបុព្វហេតុមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីជួយជនរងគ្រោះ និងងាយគ្រោះបំផុតជាច្រើនទស្សវត្សរ៍កន្លងមកហើយ  ដែលគុណូបការៈ និងគំរូវីរភាពដ៏ថ្លៃថ្លានេះ បានចារឹកជាប់នៅក្នុងដួងចិត្តរបស់ថ្នាក់ដឹកនាំនិងមន្ត្រីកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា រួមទាំងប្រជាពលរដ្ឋទូទៅមិនអាចបំភ្លេចបានឡើយ។

នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងមន្ត្រី នៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំង៣ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ព្រះនាងគោរាគ:ទេវី សូមព្រះអង្គតាមជួយថែរក្សា ប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕