ស្ពានខ្ពស់ជាងគេនៅកម្ពុជា បានចាក់បេតុងតភ្ជាប់មុខតំណរប្រសព្វគ្នាត្រៀមបើកឲ្យធ្វើចរាចរណ៍ ឆ្លងកាត់បណ្ដោះអាសន្ន នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៥នេះ 

ស្ពានកម្ពស់៩០ម៉ែត្រ ខ្ពស់ជាងគេនៅកម្ពុជា បានចាក់បេតុងតភ្ជាប់ប្រសព្វមុខគ្នាហើយនាវេលាម៉ោង៨និង៣០ព្រឹកថ្ងៃទី៨មេសា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រៀមបើកឲ្យធ្វើចរាចរណ៍ឆ្លងកាត់បណ្ដោះអាសន្ន នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៥នេះ ។ការបើកអោយប្រើប្រាស់បណ្តោះអាសន្ននេះសម្រាប់រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៥ ដើម្បីជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ អ្នកទេសចរ ក្នុងឱកាសនៃការប្រារព្ធពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ខាងមុខនេះ។ស្ពានលេខ២៨ កម្ពស់៩០ម៉ែត្រ ទទឹង១០ម៉ែត្រខ្ពស់ជាងគេនៅកម្ពុជានេះ មានប្រវែងសរុប៥៣៧ម៉ែត្រ សណ្ដូកខ្លួនឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ លើកំណាត់ផ្លូវជាតិលេខ១០ តភ្ជាប់ពីស្រុកសំឡូតខេត្តបាត់ដំបង ស្រុកវាលវែងខេត្តពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង។ 

គិតមក ដល់ថ្ងៃភា្ជប់ប្រសព្វមុខគ្នានេះជាលទ្ឋផលសាងសង់ជិតរួចរាល់ជាស្ថាពរហើយនៅសល់តែការងារសំអាតនិងការងារតុបតែងលំអរសោភ័ណភាពមួយចំនួនប៉ុណ្ណោះ ។។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលលើកឡើងថា ស្ពាននិងផ្លូវជាតិលេខ១០នេះជាសមិទ្ធិផលប្រវត្តិសាស្ត្រ ពីព្រោះការកសាង អភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសបាននេះដោយសារយើងមានសន្តិភាព ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា”យើងខ្ញុំសូមដឹងគុណដល់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវសុខសន្តិភាពពេញ លេញមកកម្ពុជាយើង និងផ្តល់ឱកាសឲ្យរាជរដ្ឋាភិបាល កសាងផ្លូវ សាលារៀន មន្ទីរពេទ្យ វត្តអារាម ។ល។និង។ល។ ផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលទាក់ទាញអ្នកទេសចរណ៏រាប់លាននាក់មកលេងប្រ ទេសកម្ពុជាយើង ផ្តល់ឱកាសឱ្យរាជរដ្ឋា ភិបាលរកទីផ្សារដើម្បីនាំ ផលិតផលយើងទៅយកនៅទីផ្សារបរទេស”។—

សូមបញ្ជាក់ថា ផ្លូវជាតិលេខ១០ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ មានប្រវែង១៩៨,៥១៨គម តភ្ជាប់ខេត្តចំនួន០៣ គឺខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង  ដែលជាប្រភេទផ្លូវGrad3 ក្រាលកៅស៊ូពីរស្រទាប់DBST ក៏បានសាងសង់រួចរាល់ហើយដែរដែលគ្រោងនឹងដាក់អោយធ្វើចរាចរណ៍ជាមួយស្ពានខ្ពស់ជាងគេនេះ។

  ពេលដែលផ្លូវជាតិលេខ១០នេះ បើកឲ្យធ្វើចរាចរណ៍ នឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ដូចជាចំណេញពេលវេលា ចំណេញថវិការ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ងាយស្រួលក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ពិសេសកាន់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេងកំសាន្តនៅលើស្ពានខ្ពស់ជាងគេនេះ ព្រោះស្ពានខ្ពស់ជាងគេនេះ បើយើងឈរលើស្ពានអាចមើលឃើញទេសភាពនានានៃតំបន់នេះគួរអោយទាក់ទាញអារម្មណ៍មកលេងកំសាន្ត។នៅទីនេះក្រៅពីជ្រលងអូរនិងទឹកជ្រោះ មានព្រៃព្រឹក្សា, ពពកមីដេរដាស, អ័ព្ទបែកផ្សែងផុតកន្ទុយភ្នែកតាមផ្លូវបទបែន, សម្រស់ទឹកស្ទឹងដំណាក់ក្បូន, ជ្រលងស្ទឹងឫស្សីជ្រុំ, តំបន់វាលវែង  ក៏ដូចនៅតំបន់ទេសចរណ៍អូរសោម និងភ្នំ១៥០០ផ្លូវអន្ទង់អាំងនោះដែរ៕