កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នឹងបន្តទៅមុខទៀត ដើម្បីចូលរួមជួយដល់ ក្រុមគោលដៅជាជនរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា

ក្នុងកិច្ចប្រជុំ ស្តីពី ភាពជាដៃគូក្នុងវិស័យសង្គមកិច្ច ជាមួយនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍លើកឡើងថា វឌ្ឍនភាពការងារ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបាន គឺមួយផ្នែក បានមកពីកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលតាមរយៈ កិច្ចសហប្រតិបត្តិការនេះ នឹងបន្តទៅមុខទៀត ដើម្បីចូលរួមជួយ ដល់ក្រុមគោលដៅជាជនរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានសម្រេចនូវសមិទ្ធផលធំៗគ្រប់វិស័យ ទាំងនយោបាយ សង្គម និងសេដ្ឋកិច្ច បានកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូរ របស់ប្រជាជន ក្នុងនោះ កម្ពុជាបានសមាហរណកម្មជោគជ័យ ទៅក្នុងតំបន់ និងសកលលោក ដោយស្មើមុខស្មើមាត់។ 

ឯកឧត្តម ជា សុមេធី បានបន្តថា រហូតមកដល់ពេលនេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន១៧៣ បានចុះកិច្ចព្រមព្រៀង គម្រោងជាមួយ នឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងនោះមានសមាគម អង្គការមិនមែនរដ្ឋាភិបាលបរទេស ចំនួន៩៧ និងសមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ចំនួន៧៦ ។ សមាគម អង្គការ ដែលអនុវត្តគម្រោងកម្មវិធីផ្នែកកុមារ ចំនួន១១១ ផ្នែកកិច្ចការគ្រួសារ ចំនួន១៧ ផ្នែកគាំពារជនរងគ្រោះ ចំនួន២៥ ផ្នែកពិការភាព ចំនួន១៨ និងផ្នែកមនុស្សចាស់ចំនួន២ ។ ក្នុងភាពជាដៃគូ ក្រសួងក៏បានផ្តល់នូវការគាំទ្រ ជូនបណ្តាសមាគម និងអង្គការ ដែលបានស្នើសុំទៅបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ នូវលិខិតស្នើសុំចុះ ឬបន្តអនុស្សរណៈ ជាមួយនឹងរាជរដ្ឋាភិបាល ស្នើសុំពន្យារទិដ្ឋាការ ជូនបុគ្គលិកបរទេស ស្នើសុំធ្វើផ្លាកលេខយាន្តយន្តប្រភេទអង្គការ និងការស្នើសុំនាំចូលសម្ភារៈ សម្រាប់ការងារអនុវត្តគម្រោងកម្មវិធី ដោយការបង់ពន្ធ និងអាករជាបន្ទុករបស់រដ្ឋ។ 

ឯកឧត្តម បញ្ជាក់ថា កម្ពុជាកំពុងបោះជំហាន ដើម្បីប្រែក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេចឱ្យបាន នូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេស មានចំណូលកម្រិតខ្ពស់។ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើអាទិភាពគន្លឹះទាំង ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងបន្តកសាងប្រព័ន្ធគាំពារសង្គម មានលក្ខណៈប្រមូលផ្គុំ សង្គតិភាព ប្រសិទ្ធភាព សមធម៌ និងចីរភាព ដោយឈរលើស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ ក្នុងនោះផ្តោតលើកិច្ចអន្តរាគមន៍ របស់រាជរដ្ឋាភិបាលដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងមានគ្រោះអាសន្ន។