សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន រៀបចំវេទិកាពិភាក្សា ស្តីពី “ទំនាក់ទំនងកម្ពុជា-ចិន ក្នុងបរិបទថ្មី”

សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) រៀបចំវេទិកាពិភាក្សា ស្តីពី ទំនាក់ទំនងកម្ពុជា ចិន ក្នុងបរិបថថ្មី នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ពីសំណាក់វាគ្មិនកិត្តិយសជាច្រើនរូប ជាមួយនឹងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ប្រមាណ២០០នាក់ នៅអាគារ Morgan កោះពេជ្រ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានសម្តែងនូវមនោសញ្ចេតនា គោរពរាប់អានដ៏ជ្រាលជ្រៅ ជូនចំពោះវាគ្មិនកិត្តិយស និងអ្នកចូលរួមទាំងអស់ ប្រកបដោយសហភាតរៈ និងស្នីទស្នាល។ លោក បានវាយតម្លៃខ្ពស់ចំពោះវាគ្មិន ដែលបានផ្តល់នូវទស្សនទានល្អៗច្រើន សំដៅលើកកម្ពស់ទំនាក់ទំនងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលមានស្រាប់រវាងប្រទេសទាំងពីរ ឱ្យកាន់យល់ដឹងស៊ីជម្រៅបន្ថែមទៀត។
ក្នុងនាមជាប្រធានសមាគម លោក សយ សុភាព បានប្តេជ្ញាខិតខំប្រឹងប្រែងឲ្យមានទំនាក់ទំនង រវាងប្រទេសដើម្បីប្រទេសទាំង២ អនុវត្តតាមគោលនយោបាយ របស់ថ្នាក់ដឹកនាំកម្ពុជា-ចិន ដែលបានដាក់ចេញ។
ក្នុងនោះលោក ក៏ផ្តោតលើការប្រយុទ្ធប្រឆាំង ចំពោះព័ត៌មានក្លែងក្លាយ ព្រោះព័ត៌មានក្លែងក្លាយ ប្រៀបដូចគ្រាប់បរិមាណូទំលាក់មកលើផ្ទះ។ ពិសេសសូមអំពាវនាវ ឱ្យមានការហោះហើរត្រង់ពីចិនមកកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។
លោក លីវ ស៊ាងគ័ង អនុប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកឡើងថា នៅឆ្នាំ២០២៥នេះ គឺជាឆ្នាំទេសចរណ៍រវាងកម្ពុជា-ចិន នោះក៏ស្របពេល ឯកឧត្តម ស៊ី ជីពីង ប្រធានាធិបតីចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវនៅកម្ពុជា នៅថ្ងៃទី១៧-១៨ ខែមេសា ខាងមុខនេះ គឺដើម្បីរឹតចំណងមិត្តភាព ជាមួយគ្នាបន្ថែមទៀត ក្នុងទំនាក់ទំនងជាប្រវត្តិសាស្រ្ត។ ចំពោះវិនិយោគចិននៅកម្ពុជា ដែលបានដាក់ទុនវិនិយោគមាន ចំនួន២,៦ ពាន់លានដុល្លារ។ ចំពោះការផ្លាស់ប្តូរវប្បធម៌ទេសចរណ៍វិញ បានពាំនាំទេសចរណ៍ចិនមកកម្ពុជា កាន់តែច្រើនឡើងមកទស្សនាកម្ពុជា។ អនុវត្តតាមអនុសាសន៍របស់ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ លោក លីវ ស៊ាងគ័ង ក្នុងនាមជា អនុប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានអំពាវនាវឱ្យអ្នកសារព័ត៌មាន ត្រូវប្រកាន់ភ្ជាប់ភាពអព្យាក្រឹត្យ និងត្រឹមត្រូវ។
ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា-ចិន ឈានទៅដល់កម្រិតកំពូល ដែលមិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍប្រទេស ហើយកម្ពុជាក៏មិនអាចខ្វះដៃគូចិនបានទេ ព្រោះចិនបានចូលរួមចំណែក យ៉ាងសំខាន់សម្រាប់កម្ពុជា ហើយជាពិសេស ក៏ជាស្នូលសំខាន់រវាងគ្នានឹងគ្នា។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ដែរថា តួលេខពាណិជ្ជកម្មកម្ពុជា-ចិន កើនឡើងជាបន្តបន្ទាប់ និងបន្តរីកចម្រើនទំហំផ្នែកពាណិជ្ជកម្មបន្ថែមទៀត ក្រោយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នានាពេលកន្លងមក ។ តាមរយៈការចុះកិច្ចព្រមព្រៀងនេះជាសក្ខីភាពមួយបន្តរីកចម្រើនទៅថ្ងៃអនាគត។
ឯកឧត្តម សង្ឃឹមថា មានការរីកចម្រើនជាលំដាប់រួមគ្នាទាំងសង ខាងផ្នែកពាណិជ្ជកម្ម ព្រោះទីផ្សារចិនមានទំហំធំ សម្រាប់កម្ពុជាក្នុងការនាំចេញ។
លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា វិស័យទេសចរណ៍ មានការរីកចម្រើនជាលំដាប់ ហើយចិន ក៏ជាទីផ្សារធំបំផុតរបស់កម្ពុជា ក៏ដូចជាពិភពលោកដែរ។
លោកជំទាវ បន្តថា នេះសបញ្ជាក់ពីកំណើនមួយគួរឲ្យកត់សំគាល់ ដែលចេញពីការស្និទ្ធស្នាល រវាងប្រទេសទាំង២ ហើយនៅឆ្នាំ២០២៥ នេះ សង្ឃឹមថា ទេសចរណ៍ចិនកើនឡើងជាង ១ លាននាក់ នៅកម្ពុជា ជាមួយនឹងកំណើនអ្នកធុរកិច្ចផងដែរ៕