មេដឹកនាំអ៊ីស្រាអែលលោក Netanyahu ទៅជួបពិភាក្សាផ្ទាល់និងដំបូងគេ ជាមួយលោក Trump បន្ទាប់ពីអាម៉េរិកប្រកាសដាក់ពន្ធទៅវិញទៅមកទៅ លើប្រទេសនានានៅលើពិភពលោក 

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានជួបជាមួយប្រធានាធិបតីអាមេរិក Donald Trump នៅទីក្រុង Washington កាលពីថ្ងៃចន្ទនេះ ដែលធ្វើឲ្យលោក Netanyahu ក្លាយជាមេដឹកនាំបរទេសដំបូងគេដែលទៅជួបផ្ទាល់ជាមួយនឹងលោក Trump ចាប់តាំងពីលោកបានប្រកាសបញ្ចេញពន្ធទៅមកលើប្រទេសមួយចំនួនធំនៅជុំវិញពិភពលោក។ សំណួរសួរថាតើដំណើរទស្សនកិច្ចរបស់លោក Netanyahu ទទួលបានជោគជ័យក្នុងការទម្លាក់ឬលុបបំបាត់ពន្ធគយរបស់អាម៉េរិកមកលើអ៊ីស្រាអែលបានទេ? ប៉ុន្តែជំនួបមេដឹកនាំទាំងពីរនៅតែត្រូវបានគេមើលឃើញថាមានភាពស្និតស្នាល ប៉ុន្តែបើទោះបីជាការបង្ហាញចេញរបស់ពួកគេអាចត្រូវកំណត់ក្នុងដំណាក់កាលនៃរបៀបដែលមេដឹកនាំពិភពលោកផ្សេងទៀតព្យាយាមដោះស្រាយពន្ធថ្មីនេះជាមួយនឹងលោក Donald Trump ដែរ។ លោក Netanyahu បានធានាចំពោះលោក Trump ថារដ្ឋាភិបាលរបស់លោកនឹងផ្លាស់ប្តូរយុទ្ធសាស្រ្តនានាដើម្បីលុបបំបាត់ឱនភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ អំឡុងពេលនៃកិច្ចជំនួបទ្វេភាគីនោះដែរ លោក Trump បាននិយាយថាសហរដ្ឋអាមេរិកកំពុងពិភាក្សាដោយផ្ទាល់ជាមួយអ៊ីរ៉ង់ អំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយព្រមានថាទីក្រុងតេអេរ៉ង់នឹងស្ថិតក្នុង “គ្រោះថ្នាក់ដ៏ធំ” ប្រសិនបើកិច្ចចរចារបស់ពួកគេមិនទទួលបានជោគជ័យ៕ 

សម្រួលអត្ថបទ៖​សុផារិន្ទ