ស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំ “ជំនួបធុរកិច្ចរវាងអ្នកទិញនិងអ្នកលក់ក្នុងវិស័យវាយនភណ្ឌ ឆ្នាំ២០២៥” នៅសណ្ឋាគារ Fairfield by Marriot

ក្នុង “ជំនួបធុរកិច្ចរវាងអ្នកទិញនិងអ្នកលក់ក្នុងវិស័យវាយនភណ្ឌ ឆ្នាំ២០២៥” នៅសណ្ឋាគារ Fairfield by Marriot ក្រោមអធិបតីភាព ឯកឧត្ដម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្ដម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងក្រសួង/ស្ថាប័នរដ្ឋ, សភាពាណិជ្ជកម្ម, សមាគម និងវិស័យឯកជនផងដែរ។
ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា មានប្រសាសន៍ថា : “ជំនួបធុរកិច្ចរវាងអ្នកទិញនិងអ្នកលក់ក្នុងវិស័យវាយនភណ្ឌ ឆ្នាំ២០២៥” ត្រូវបានរៀបចំឡើងដោយ សហព័ន្ធឧស្សាហកម្មឥណ្ឌារដ្ឋតាមិល ណាឌូ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយអំពីភាពរីកចម្រើននៃវិស័យវាយនភណ្ឌដែលជាវិស័យលេចធ្លោនិងអាទិភាព នៃរដ្ឋតាមិល ណាឌូ ប្រទេសឥណ្ឌា ជាពិសេសផលិតកម្មអំបោះ និងក្រណាត់ ក៏ដូចជាស្វែងយល់ និងស្វែងរកឱកាសចាប់ដៃគូវិនិយោគក្នុងវិស័យវាយនភណ្ឌជាមួយធុរជនកម្ពុជាផងដែរ។ រដ្ឋដែលត្រូវបានគេស្គាល់ថា ជារដ្ឋពោរពេញដោយឧស្សាហកម្មក្រណាត់ ហើយរដ្ឋ Tamil Nadu គឺជាបណ្តុំវាយនភណ្ឌជាច្រើន និងនាំចេញធំបំផុតនៃសម្លៀកបំពាក់ដែលផលិតរួច។
សូមជម្រាបផងដែរថា ក្នុងដំណើរបេសកកម្មធុរកិច្ចនេះ សហព័ន្ធឧស្សាហកម្មឥណ្ឌារដ្ឋ តាមិល ណាឌូ បានដឹកនាំគណៈប្រតិភូធុរជនឥណ្ឌា ១១ក្រុមហ៊ុនដែលសុទ្ធសឹងជាអ្នកជួញដូរក្នុងវិស័យវាយនភណ្ឌប្រកបដោយសក្ដានុពល។
ក្នុងជំនួបធុរកិច្ចនេះ ក្រុមហ៊ុន សហគ្រាសតូចធំជាច្រើន បានទស្សនាការដាក់តាំងបង្ហាញផលិតផលច្រើនប្រភេទ និងបានជួបផ្គូផ្គងធុរកិច្ច ផ្លាស់ប្ដូរព័ត៌មាន ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយភាគីឥណ្ឌាគ្នាទៅវិញទៅមកសម្រាប់កិច្ចសហការធុរកិច្ចនាពេលអនាគតផងដែរ។ សហព័ន្ធឧស្សាហកម្មឥណ្ឌា (CII) ដែលជាអង្គការឈានមុខគេក្នុងវិស័យឧស្សាហកម្មដែលគាំទ្រដល់ការលើកកម្ពស់ការអភិវឌ្ឍន៍របស់ប្រទេសឥណ្ឌា តាមរយៈភាពជាដៃគូជាមួយឧស្សាហកម្ម រដ្ឋាភិបាល និងស្ថាប័នអន្តរជាតិ។
CII ដោយមានសមាជិកភាពផ្ទាល់ពីក្រុមហ៊ុនជាង 9,000 និងទំនាក់ទំនងដោយប្រយោលដល់សហគ្រាសជាង 365,000 នៅទូទាំង 294 ស្ថាប័នឧស្សាហកម្ម ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរបស់ប្រទេសឥណ្ឌា។ ជាមួយនឹងការិយាល័យចំនួន 70 នៅទូទាំងប្រទេសឥណ្ឌា មជ្ឈមណ្ឌលឧត្តមភាពចំនួន 12 និងការិយាល័យនៅក្រៅប្រទេសចំនួន 8 CII រក្សាភាពជាដៃគូជាស្ថាប័នជាមួយសមភាគីជាង 300 នៅក្នុងប្រទេសជិត 100 ដោយបម្រើជាវេទិកាដែលអាចទុកចិត្តបានសម្រាប់ឧស្សាហកម្មឥណ្ឌា និងសហគមន៍អាជីវកម្មពិភពលោក។