ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ «កម្ពុជាផ្តួចផ្តើមចរចាជាមួយអាមេរិក ដើម្បីការពារជីវភាពប្រជាជនខ្មែរ ខណៈអាមេរិកពន្យាពន្ធគយថ្មី ៩០ថ្ងៃ»

នៅព្រឹកថ្ងៃទី ១០ ខែមេសានេះ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសរសេរក្នុងបណ្តាញទំនាក់ទំនងសង្គមផ្លូវការថា៖

1. ជាដំណឹងល្អ ៖ ប្រធានាធិបតីTrump ប្រកាសមិនអនុវត្តពន្ធគយថ្មី សម្រាប់រយៈពេល៩០ថ្ងៃ រាប់ចាប់ពីថ្ងៃទី១០មេសានេះទៅ ។ មូលហេតុ, បើតាមសំដីលោកTrump, គឺមកពីប៉ុន្មានថ្ងៃចុងក្រោយនេះ, ប្រទេសចំនួនជាង៧៥នៅក្នុងលោក បានទាក់ទងអាជ្ញាធរអាមេរិក ដើម្បីសុំចរចា។

2.ដូចបងប្អូនកូនក្មួយដឹងស្រាប់ហើយថា កម្ពុជាយើង ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រទេស(ក្នុងចំណោមប្រទេសពីរបីផ្សេងទៀត)ដែលបានផ្តួចផ្តើមគំនិតមុនគេឯង ស្នើសុំចរចាជាមួយទីក្រុង Washington។

3.សង្គ្រាមពាណិជ្ជកម្មនេះដែលបាននិងកំពុងបន្តប្រព្រឹត្តទៅ មានលក្ខណៈជាសកល។ ប៉ុន្តែ រដ្ឋាភិបាលនីមួយៗ ត្រូវគិតពីប្រយោជន៍របស់ប្រទេសខ្លួនមុនគេ។ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើ ហើយយើងធ្វើ ដើម្បីការពារបណ្តារោងចក្រនិងក្រុមហ៊ុននានាក្នុងទឹកដីយើង, ដើម្បីការពារប្រាក់ចំណូលរបស់កម្មករយើង និងដើម្បីការពារជីវភាពនៃប្រជាជនខ្មែរយើង។

4.ក្នុងអំឡុងពេល៩០ថ្ងៃខាងមុខ រាប់ពីថ្ងៃ១០មេសានេះទៅ, រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចបវរធិបតី នឹងបន្តដុតដៃដុតជើង ទាក់ទង ពន្យល់បំភ្លឺ និង បញ្ចុះបញ្ចូល សហរដ្ឋអាមេរិក កុំឱ្យអនុវត្តពន្ធគយថ្មី(៤៩%)មកលើកម្ពុជា៕