ឯកឧត្តម ចាយ បូរិន និងលោកជំទាវ អញ្ជើញជាអធីបតីក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្តទទួលអំណរសាទរនាឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ 

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្ត្រា ចាយ បូរិន ដឹកនាំឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ បានយាងនិង និមន្ត សម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ,សម្ដេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចសង្ឃ ព្រះមន្រ្តីសង្ឃតាមឋានានុក្រម

ដើម្បីសូត្រមន្ត ចម្រើនព្រះបរិត្ត ជម្រុះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងត្រៀមទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស ២០២៥ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ នាទីស្តីការក្រសួង នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ។

នាឱកាសដ៏មហាជ័យមង្គលនេះ ឯកឧត្តម ចាយ បូរិន និងលោកជំទាវ និងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា បានរៀបចំពិធីអភិសេករូបសំណាកព្រះពុទ្ធបដិមា នៅបរិវេណសួនច្បារនៃទីស្តីការក្រសួង និងប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយ ប្រគេនសម្តេចសង្ឃ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តសម្តេចព្រះសង្ឃ និងព្រះមន្រ្តីសង្ឃ ដើម្បីចម្រើន ព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ជាពិសេសត្រៀមទទួលស្វាគមន៍ដំណើរចុះមកថែរក្សាមនុស្សលោករបស់ទេវធីតាឆ្នាំថ្មីព្រះនាង «គោរាគៈទេវី» នឹងយាងចុះមកចំពេលទៀបភ្លឺ នៅថ្ងៃច័ន្ទទី១៤ ខែមេសា ឆ្នាំ២០២៥ ។

ឯកឧត្តម ចាយ បូរិន ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងធម្មការនិងសាសនា សូមបួងសួងដល់ទេវតាឆ្នាំថ្មីសូមថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរ ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទាំងទ្វេរ មានព្រះជន្មាយុ យឺន យូរជាង រយព្រះវស្សា មានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញា ញ្ញាណ ភ្លឺថ្លា ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុម រមនា របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ ។

ពិសេសសូមបួងសួង ដល់គុណបុណ្យព្រះរតនត្រៃ ទសបារមី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយថែរក្សាអភិបាលប្រោះព្រំ សព្វសាធុការពរ សិរីមង្គល ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងបន្តដឹកនាំប្រទេសកម្ពុជាទទួលនូវភាពសុខក្សេមក្សាន្ត សំបូរសប្បាយ សម្រាប់ជាឧត្តមប្រយោជន៍ជាតិមាតុភូមិនិងប្រជាជនកម្ពុជា ។ 

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា រៀបចំការសម្តែង របាំត្រុដិ ដែលជារបាំតំណាងឲ្យការឆ្លងឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី និងកម្ចាត់ឧបទ្រពចង្រៃ ដែលរបាំនេះមានលេងតែក្នុងពិធីបុណ្យចូលឆ្នាំ ខ្មែរតែប៉ុណ្ណោះនិងដើម្បីប្រសិទ្ធិនូវសព្ទសាធុការពរជូនដល់អ្នកស្រុកក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងរៀបចំអំណោយជាគ្រឿងឧបភោគ បរិភោគ ដល់មន្រ្តីក្រោមឱវាទក្រសួង ក្នុងន័យលើកទឹកចិត្តនិងអរគុណដល់កិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារកន្លងមកបានយ៉ាងល្អប្រសើរ៕