ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់យុទ្ធសាស្ត្រជាតិ ស្តីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ ២០២៤-២០២៨

ផ្អែកលើវឌ្ឍនភាពជាតិដ៏រឹងមាំ កម្ពុជាមានការប្តេជ្ញាចិត្ត ធ្វើបរិវត្តកម្មប្រព័ន្ធស្បៀង ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ព្រមទាំងទឹកស្អាត និងអនាម័យ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូប ទទួលបានអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព មានតម្លៃសមរម្យ និងប្រកបដោយនិរន្តរភាព។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់យុទ្ធសាស្ត្រជាតិ ស្តីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ ២០២៤-២០២៨។
ក្នុងពិធីសម្ពោធនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដល់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដូចជា: ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ ចុះផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ ទៅក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី ខេត្ត ដើម្បីបង្កើនការយល់ដឹង និងចូលរួមក្នុងការអនុវត្តយុទ្ធសាស្ត្រនេះឱ្យបានទូលំទូលាយ, ត្រូវរៀបចំឲ្យមានកិច្ចប្រជុំទៀងទាត់ តាមរយៈក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទាំងក្នុងកម្រិតបច្ចេកទេស និងកម្រិតនយោបាយ ដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត និងរាយការណ៏ពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធ សាស្ត្រនេះ ជូនរាជរដ្ឋាភិបាល, ត្រូវបន្តសហការជាមួយភាគីពាក់ព័ន្ធ និងកៀរគររកជំនួយ ដើម្បីកសាងឯកសារគតិយុត្តិនានាឆ្លើយតបទៅនឹងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសន្តិ សុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣នេះ និង- សូមបណ្តាក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍ អ្នកស្រាវជ្រាវ សង្គមស៊ីវិល និងវិស័យឯកជន បន្តចូល រួមគាំទ្រទាំងបច្ចេកទេស និងថវិកាដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីអនុវត្តយុទ្ធសាស្ត្រ ជាតិលើកទី៣នេះ ឱ្យទទួលបានជោគជ័យ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ តំណាង ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថានទូតសហព័ន្ធអាល្លឺម៉ង ទីភ្នាក់ងារអង្គការសហប្រជាជាតិនានា រួមមាន FAO, UNICEF, WFP, WHO អង្គការអន្តរជាតិរួមមាន៖ GIZ, HKI, NI, IIRR, World Fish, World Vision, Plan International។ល។ ដែលបានសហការជាមួយ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ រៀបចំយុទ្ធសាស្ត្រជាតិ ស្តីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ នេះឡើង។
ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ការប្រកាសដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រជាតិ ស្តីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ក៏ជាការលើកទឹកចិត្ត ដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បន្តបំពេញតួនាទីភារកិច្ច និងបេសកកម្មរបស់ខ្លួន ក្នុងការដឹកនាំ សម្របសម្រួលការងារប្រព័ន្ធស្បៀង និងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ ។
ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បាន បញ្ជាក់ថា យុទ្ធសាស្ត្រនេះ មិនត្រឹមតែជាឯកសារគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែយុទ្ធសាស្ត្រនេះ គឺជាកញ្ចក់ឆ្លុះពីបំណងប្រថ្នារបស់កម្ពុជា ក្នុងការសម្រេចឱ្យបានគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា។ យុទ្ធសាស្ត្រនេះ រំលឹកយើងថា រង្វាស់ពិតប្រាកដ នៃការអភិវឌ្ឍប្រទេសជាតិ មិនមែនត្រឹមតែជាសូចនាករសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែសុខមាលភាពរបស់កុមារ សុខភាពរបស់ស្ត្រី និងសេចក្តីថ្លៃថ្នូរដែលប្រជាពលរដ្ឋគ្រប់រូបទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ ទឹកស្អាតនិងអនាម័យ និងការថែទាំដ៏ប្រសើរ។
បើតាមបទបង្ហាញសង្ខេប របស់ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ យុទ្ធសាស្ត្រខាងលើនេះ បញ្ជាក់ពីសារៈសំខាន់ នៃការធ្វើសមាហរណកម្មកម្ពុជា ចូលទៅក្នុងយន្តការ ក្នុងតំបន់និងពិភពលោក តាមរយៈការចូលរួមអនុវត្តគំនិតផ្តួចផ្តើមនានា ដូចជា សន្និសីទកំពូលស្តីពីប្រព័ន្ធស្បៀង របស់អង្គការសហប្រជាជាតិ ចលនាបង្កើនអាហារូបត្ថម្ភពិភពលោក សន្និសីទកំពូលស្តីពីអាហារូបត្ថម្ភសម្រាប់ការលូតលាស់និងកំណើន។